ត្រៀមបញ្ឆេះស.ង្គ្រា.មឈ្លានពានកម្ពុជាជុំទី៣ឬ...? ថៃសម្រុកបង្កើនសមត្ថភាពយុទ្ធោបករណ៍ដូចព្យុះសង្ឃរា
ហៀប ស៊ីថេត
4 ម៉ោងមុន

រាជធានីបាងកក៖​ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ យោធាថៃ កំពុងបង្កើនសមត្ថភាពវាយប្រហារទាំងជើងទឹក និងជើងអាកាស ស្របពេលភាពតានតាមបណ្តោយព្រំដែនហាក់កម្រើកឡើងគួរឱ្យកត់សម្គាល់ ដោយសារស្នាដៃយោធាឈ្លាពាន។ តើយោធាថៃ កំពុងបង្កើនសមត្ថភាពយោធាត្រៀមបង្កសង្គ្រាមជាមួយកម្ពុជាជុំទី៣ ឬយ៉ាងណា...?

កងកម្លាំងប្រដាប់អាវុធថៃ កំពុងបង្កើនការត្រៀមលក្ខណៈវាយប្រហារ និងខិតខំប្រឹងប្រែងធ្វើទំនើបកម្មយោធាទ្រង់ទ្រាយធំ ខណៈភាពមិនច្បាស់លាស់ហាក់កើនឡើងខ្លាំង ជុំវិញភាពតានតឹងទាំងតាមព្រំដែនគោក និងដែនសមុទ្ទជាមួយកម្ពុជា។ សំណួរសួរថា តើយោធាថៃកំពុងត្រៀមខ្លួនបើកការឈ្លានពានកម្ពុជាជាថ្មីម្ដងទៀត ឬយ៉ាងណា...? សញ្ញានៃភាពរកាំរកូសចុងក្រោយ កើតឡើង បន្ទាប់ពីភាគីថៃសម្រេចលុបចោល MoU 44 ជាមួយកម្ពុជា ដោយឯកតោភាគី។ ក្រោយមក ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា កុំចរចាទ្វេភាគីជាមួយភាគីថៃ ដោយបានអំពាវនាវឱ្យប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទឆ្នាំ១៩៨២ (UNCLOS) មុននឹងឈានទៅរកដំណើរការផ្សេងៗទៀត។

ជុំវិញរឿងនេះ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) បានបង្ហាញជំហររឹងត្អឹងថា ប្រសិនបើកម្ពុជាបដិសេធវិលទៅរកតុចរចាទ្វេភាគី នោះរាជធានីបាងកកក៏មិនមានហេតុផលអ្វី ដែលត្រូវនិយាយដែរ។ ភាពតានតឹងនៅព្រំដែនគោក ក៏នៅតែមានភាពរសើបផងដែរ ដោយភាគីថៃបានប្រើល្បិចចោទប្រកាន់កម្ពុជាយ៉ាងគឃ្លើន លើការបង្កហេតុនៅព្រំដែន ទាំងយោធាថៃខ្លួនឯង បានបំផ្ទុះគ្រាប់បែកចំនួន៣គ្រាប់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កំលុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយយោធាហ្វីលីពីន ចុះពិនិត្យមើលស្ថានភាពនៅប្រាសាទព្រះវិហារ។ ទន្ទឹមនឹងការលួចបំផ្ទុះ ភាគីថៃ មិនបានជូនដំណឹងមកកម្ពុជាឱ្យបានដឹងជាមុនឡើយ។ 

ជាមួយគ្នានេះ ថៃកំពុងសម្រុកពង្រឹង និងសម្រួចសមត្ថភាពយោធាខ្លួន និងប្រកាន់យកលទ្ធិយោធានិយម ដោយត្រៀមសកម្មយោធាជាអាទិភាពដំបូងគេ។ តាមរយៈរបាយការណ៍ចុងក្រោយ ថៃកំពុងពន្លឿនគម្រោងលទ្ធកម្មយន្តហោះចម្បាំង Gripen E/F ពីស៊ុយអែត និងត្រៀមទិញនាវាចម្បាំងហ្វ្រីហ្គេត (Frigate) បន្ថែម ព្រមទាំងបន្តគម្រោងនាវាមុជទឹក S26T ថែមទៀតផង។ លើសពីនេះ កងទ័ពអាកាសថៃ គ្រោងស្នើសុំទិញយន្តហោះចំនួនចម្បាំង៨គ្រឿងក្នុងពេលតែមួយ ក្រោមថវិកាឆ្នាំ២០២៨ ដើម្បីជំនួសយន្តហោះ F-16 ដែលបានចូលនិវត្តន៍ជាបណ្តើរៗ។ ទាំងនេះ គូសបញ្ជាក់ឱ្យឃើញថា នេះមិនមែនជាការការពារខ្លួនធម្មតានោះទេ ប៉ុន្តែគឺជាការត្រៀមលក្ខណៈបើកការឈ្លានពានកម្ពុជាសាជាថ្មី ក្នុងស្រមោលមហិច្ឆតាមិនចេះឆ្អែតឆ្អន់របស់ចោរឈ្លានពានតជំនាន់នៅភាគខាងលិចនៃរដ្ឋកម្ពុជាមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត