
រដ្ឋធានូីញូវដេលី៖ នៅលើទឹកដីនៃរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ បញ្ជាក់ថា ភាគីទាំង២[កម្ពុជា-ថៃ] គួរតែជជែកគ្នា២នាក់ជាមុនសិន មុននឹងប្រើប្រាស់យន្តការអន្តរជាតិ។ យ៉ាងណា កម្ពុជាបានប្រកាសយ៉ាងដាច់ណាត់ថា នឹងប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ក្នុងការដោះស្រាយព្រំដែនទឹកទាមទារត្រួតស៊ីគ្នា ក្រោយភាគីថៃលុបចោល MoU 44 ជាឯកតោភាគី និងតាមទំនើងចិត្ត...។

ការអះអាងរបស់រដ្ឋមន្ត្រីការបរទេសថៃរូបនេះ កើតឡើងក្រោយប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារព្រមានធ្ងន់ៗទៅកាន់ភាគីថៃ និងណែនាំឱ្យរាជរដ្ឋាភិបាលកម្ពុជា បោះបង់ចោលរាល់ការចរចាទ្វេភាគីជាមួយថៃ ហើយងាកមកប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទឆ្នាំ១៩៨២ ឬ UNCLOS និងប្រើយន្តការច្បាប់អន្តរជាតិវិញម្ដង ក្រោយភាគីថៃប្រកាសលុចចោល MoU 44 ជាមួយកម្ពុជា ជាឯកតោភាគី។ ថ្លែងនៅក្នុងប្រទេសឥណ្ឌា លោក សីហស័ក្តិ បាននិយាយដោយមិនអៀនមាត់ថា៖«ខ្ញុំផ្ទាល់ជឿជាក់ថា កម្ពុជាប្រហែលជាចង់ប្រើប្រាស់យន្តការចរចាបែបចាប់បង្ខំ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃជឿជាក់ថា មុននឹងឈានដល់ការប្រើប្រាស់មធ្យោបាយផ្សះផ្សារដោយចាប់បង្ខំ គួរតែមានការពិភាក្សាទ្វេភាគីជាមុនសិន ប្រសិនបើការចរចាមិនអាចឈានទៅរកចំណុចព្រមព្រៀងគ្នាបានទេ ទើបគួរពិនិត្យមើលជម្រើសផ្សេងៗទៀតនៅក្នុងក្របខណ្ឌ UNCLOS ជាជំនួយបន្ថែម។»។

សូមជម្រាបថា សម្តីរបស់លោក សីហស័ក្តិ ដែលព្យាយាមអូសទាញកម្ពុជាឱ្យត្រឡប់ទៅរកតុចរចាទ្វេភាគី គឺជាការសម្ដែងដ៏គួរឱ្យអស់សំណើចបំផុត ព្រោះថា ភាគីថៃខ្លួនឯង គឺជាអ្នកហែកចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (ឬ MoU 44) ដោយឯកតោភាគី និងតាមទំនើងចិត្ត ក្រោយមកបែរជាមកស្នើឱ្យកម្ពុជាចរចាទ្វេភាគីទៅវិញ។ នេះគឺជាល្បិចកលនយោបាយរបស់ថៃ ដែលកម្ពុជាមិនអាចទទួលយកបានឡើយ។ ជំហរដាច់ខាតរបស់កម្ពុជានៅពេលនេះ គឺការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ៕




