
រាជធានីបាងកក៖ រងើកភ្លើងព្រំដែនរវាងកម្ពុជា-ថៃ ហាក់កំពុងឈានដល់ចំណុចដ៏តានតឹង និងគ្រោះថ្នាក់សាជាថ្មី បន្ទាប់ពីរាជរដ្ឋាភិបាលថៃ ប្រកាសហែកចោលកិច្ចព្រមព្រៀងព្រំដែនទឹក (ឬ MoU 44) ជាមួយកម្ពុជា ជាឯកតោភាគី និងតាមទំនើងចិត្តកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ។ ពេលនេះ ក្រុមព្រឹទ្ធសភាថៃ បានបន្តរុញស្ថានការណ៍ព្រំដែនឱ្យកាន់តែស្មុគស្មាញ ដោយជំរុញឱ្យរាជរដ្ឋាភិបាល លុបចោលកិច្ចព្រមព្រៀងព្រំដែនគោក (ឬ MoU 43) មួយបន្ថែមទៀត ដោយប្រើលេសដដែលៗ រឿងផែនទីសម័យបារាំង ហើយធ្វើជាមកចោទកម្ពុជាទាំងគឃ្លើន និងមិនចេះខ្មាសអន្តរជាតិ ថា បានរំលោភបំពានទឹកដីថៃ...។

គណៈកម្មាធិការវិសាមញ្ញនៃព្រឹទ្ធសភាថៃ ដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក នព្វដន អិនណា (นพดล อินนา) បានលើកឡើងនូវហេតុផលដ៏គួរឱ្យអស់សំណើច ដើម្បីបន្តលេសលុបចោល MoU 43 ជាមួយកម្ពុជាថា៖«MoU 43 ដែលចុះហត្ថលេខាតាំងពីឆ្នាំ២០០០ គឺគ្មានសុពលភាពផ្លូវច្បាប់ឡើយ ព្រោះកាលនោះ គណៈរដ្ឋមន្ត្រីថៃគ្រាន់តែទទួលដឹងឮប៉ុណ្ណោះ ប៉ុន្តែមិនបានអនុម័តជាផ្លូវការទេ ហើយក៏មិនបានឆ្លងកាត់រដ្ឋសភាថៃដែរ»។ ការយកលេសរឿងផ្ទៃក្នុងរបស់ខ្លួន ដើម្បីមកលុបចោលកិច្ចព្រមព្រៀងអន្តរជាតិជាមួយកម្ពុជា ជាឯកតោភាគី និងតាមទំនើងចិត្ត ខណៈអនុស្សរណៈនៃការយោគយល់គ្នា ឬMoU៤៣ នេះ បានអនុវត្តជិត២៦ឆ្នាំមកហើយ គឺបានបង្ហាញយ៉ាងច្បាស់អំពីចរិតនយោបាយពិសពុល និងមិនទៀងត្រង់របស់ភាគីថៃ។

តាមពិតទៅ តាំងពីដើមមក ថៃកើតទុក្ខមិនសុខចិត្តចំពោះរឿងផែនទីបារាំងខ្នាត ១/២០០០០០ ដែលកំណត់ឱ្យប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ស្ថិតក្នុងទឹកដីកម្ពុជា ខណៈកន្លងមក ថៃតែងតែយកផែនទីគូសដោយឯកតោភាគី ឬហៅម្យ៉ាងទៀតថា «ផែនទីចោរ» មកធ្វើជាអំណះអំណាង។ ព្រឹទ្ធសភាថៃ បានលើកឡើងទាំងបំពានថា៖«ថៃមិនដែលទទួលយកផែនទីនេះទេ ព្រោះផែនទីនេះ គ្មានកាតព្វកិច្ចផ្លូវច្បាប់ឡើយ។ ហេតុនេះ ប្រសិនបើបន្តរក្សា MoU 43 គឺឥតប្រយោជន៍»។ របាយការណ៍របស់ព្រឹទ្ធសភាថៃ បានចោទប្រកាន់កម្ពុជាទាំងគ្មានមូលដ្ឋានថា៖«កម្ពុជាបានបណ្តោយ និងលើកទឹកចិត្តឱ្យប្រជាជនខ្លួនចូលទៅរស់នៅ និងកែប្រែស្ថានភាពរូបវន្តនៅតាមបន្ទាត់ព្រំដែន។ គណៈកម្មាធិការចម្រុះព្រំដែន (JBC) ក្រោមច្បាប់ MoU 43 គឺគ្មានអំណាចគ្រប់គ្រាន់ក្នុងការដោះស្រាយ និងទប់ស្កាត់ការរំលោភបំពានទាំងនេះឡើយ»។

សូមជម្រាបថា ការលុបចោល MoU 44 (ព្រំដែនទឹក) និងការប៉ុនប៉ងលុបចោល MoU43 (ព្រំដែនគោក) ជាមួយកម្ពុជា ក្នុងពេលដំណាលគ្នានេះ មិនមែនជារឿងចៃដន្យឡើយ! មិនចៃដន្យក៏ព្រោះតែវា គឺជាយុទ្ធសាស្ត្រដ៏ស្មោគគ្រោករបស់ភាគីថៃ ក្នុងចេតនាពង្រីកសង្គ្រាមវាទីយកទឹកដីប្រទេសកម្ពុជា ដែលមេដឹកនាំរាជធានីបាងកកបច្ចុប្បន្ន យល់ថា អាចប្រើកម្លាំងយោធាវាយសង្គ្រុប លេបត្របាក់ទឹកដីកម្ពុជាបានដូចសម័យអតីតកាល។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញច្បាប់អន្តរជាតិ បានព្រមានថា បើទោះជាថៃហែកចោល MoU 44 និងប៉ុនប៉ងលុចចោល MoU 43 តាមចិត្តចង់ក៏ដោយ ក៏ថៃមិនអាចគេចផុតពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ដែលត្រូវបានខណ្ឌចែកខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំង២ជាអន្តរជាតិបានឡើយ៕




