មនុស្ស៤នាក់រងរបួស និងភ្ញៀវទេសចរបរទេសរាប់រយនាក់ភ័យស្លន់ស្លោ ករណីឆេះសណ្ឋាគារលំដាប់ផ្កាយនៅប៉ាតាយ៉ា
N
Nary Vann
18 ម៉ោងមុន

រាជធានីបាងកក៖ ហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់មួយកើតឡើងនៅក្នុងសណ្ឋាគារ JA Plus ស្ថិតក្នុងទីក្រុងទេសចរណ៍ប៉ាតាយ៉ា ប្រទេសថៃ កាលពីវេលាម៉ោងប្រហែល៩យប់ថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភាម្សិលមិញ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោជាខ្លាំង ស្របពេលដែលមានមនុស្សជាច្រើនបានជាប់គាំងនៅខាងក្នុងអគារ...។

ភ្លាមៗ..កងកម្លាំងពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់ជាច្រើននាក់ បានប្រញាប់ប្រញាល់ចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីពន្លត់ភ្លើងដែលកំពុងឆាបឆេះ និងជួយសង្គ្រោះមនុស្សដែលកំពុងភិតភ័យ។ ក្រុមពន្លត់អគ្គិភ័យ បានប្រើពេលប្រហែលមួយម៉ោង ទើបអាចគ្រប់គ្រង និងពន្លត់ភ្លើងឱ្យរលត់ទៅវិញទាំងស្រុងបាន។​ សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា ទិដ្ឋភាពនៃការជម្លៀសខ្លួនមានភាពច្របូកច្របល់ និងគួរឱ្យខ្លាចរន្ធត់ខ្លាំងណាស់ ដោយសារតែផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹកបានឆេះរាលដាលពេញច្រកនៃអគារ ធ្វើឱ្យភ្ញៀវដែលស្នាក់នៅរត់រកផ្លូវចេញទាំងងងឹតងងុល ខណៈពេលកើតហេតុនោះ បន្ទប់ស្នាក់នៅទាំង១៧៨បន្ទប់របស់សណ្ឋាគារ គឺត្រូវបានភ្ញៀវជួលស្នាក់នៅពេញទាំងអស់ ដែលភាគច្រើនបំផុតជាភ្ញៀវទេសចរបរទេស។

យោងតាមរបាយការណ៍បឋមពីសារព័ត៌មាន Pattaya Mail ហេតុការណ៍នេះ បានបណ្ដាលឱ្យមនុស្ស៤នាក់រងរបួស ដោយមានស្ត្រីជនជាតិថៃ២នាក់ និងកុមារាជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានជួយសង្គ្រោះ និងព្យាបាលដោយសារឈ្លក់ផ្សែងខ្លាំង នៅឯជាន់ទី៧ ខណៈបុរសជនជាតិថៃម្នាក់ទៀត បានរងរបួសរលាកភ្លើងកម្រិតធ្ងន់ធ្ងររហូតដល់ទៅ២០ភាគរយនៃរាងកាយ បន្ទាប់ពីរូបលោក បានប្រថុយប្រថានរត់ទម្លុះអណ្ដាតភ្លើង ដើម្បីគេចចេញមកក្រៅ។ ជនរងគ្រោះទាំង៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្បែរនោះភ្លាមៗ។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា អគ្គិភ័យនេះចាប់ផ្ដើមឆាបឆេះដំបូងចេញពីហាងអាហារនៅលើដំបូល (Rooftop Restaurant) នៃជាន់ខាងលើបង្អស់របស់សណ្ឋាគារ ជាទីតាំងមិនទាន់បើកដំណើរការឱ្យភ្ញៀវចូលប្រើប្រាស់នៅឡើយទេ រួចហើយអណ្តាតភ្លើងបានរាលដាលយ៉ាងលឿនមុនពេលដែលបុគ្គលិកសណ្ឋាគារអាចយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ទប់ទល់ទាន់។ បច្ចុប្បន្ន សមត្ថកិច្ចថៃ កំពុងបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការឆាបឆេះនេះ ព្រមទាំងបន្តវាយតម្លៃលើរចនាសម្ព័ន្ធសុវត្ថិភាពអគារ និងទំហំនៃការខូចខាតផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត