បាក់មុខកាន់តែខ្លាំង! ជនជាតិថៃ៣នាក់ ត្រូវចាប់ខ្លួននៅអេក្វាទ័រ ពីបទរត់ពន្ធសត្វបង្គួយកម្រជិតផុតពូជ
ហៀប ស៊ីថេត
7 ម៉ោងមុន

រដ្ឋធានីគីតូ៖ មុខមាត់របស់ប្រទេសថៃ បានរងភាពអាម៉ាសសាជាថ្មីនៅលើឆាកអន្តរជាតិ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះថា ក្រសួងថាមពល និងបរិស្ថានអេក្វាទ័រ បានប្រកាសពីការចាប់ខ្លួនពលរដ្ឋថៃ៣នាក់ ពីបទជួញដូរសត្វបង្គួយអីក្វាណា (ឬ Galapagos iguanas) ចំនួន១២ក្បាល ដែលជាប្រភេទសត្វកម្រជិតផុតពូជ និងជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។

មន្ត្រីជំនាញបានរកឃើញសត្វទាំងនេះ អំឡុងពេលធ្វើការត្រួតពិនិត្យនៅឯព្រលានយន្តហោះ José Joaquín de Olmedo ក្នុងទីក្រុងហ្គាយ៉ាគីល (Guayaquil) កាលពីយប់ថ្ងៃអង្គារទី២០ ខែឧសភា។ ក្នុងចំណោមសត្វបង្គួយកម្រទាំង១២ក្បាលនោះ មាន១ក្បាលបានងាប់បាត់ទៅហើយ។ ក្រសួងថាមពល និងបរិស្ថានអេក្វាទ័រ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សត្វបង្គួយដែលនៅសេសសល់ បានបង្ហាញរោគសញ្ញាឈឺ និងស្រងល់ ដោយសារតែពួកវាត្រូវបានឈ្មួញទុច្ចរិត ដែលជាជនជាតិថៃ ចងជើង និងញាត់ចូលក្នុងស្រោមជើង រួចច្រកចូលក្នុងកាបូបយួរដៃ។

សត្វឆ្កែហិតក្លិនស្វែងរកសត្វព្រៃ បានផ្តល់សញ្ញាព្រមានដល់អាជ្ញាធរព្រលានយន្តហោះ ដោយរាយការណ៍ថា មានវ៉ាលីសមួយដែលមានផ្ទុកសត្វបង្គួយអីក្វាណា មានគោលដៅដឹកជញ្ជូនឆ្ពោះទៅកាន់តំបន់អាស៊ី។ បុរសជនជាតិថៃទាំង៣នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗពីបទជួញដូរសត្វព្រៃខុសច្បាប់ ដែលជាបទល្មើសមួយអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ នៅក្នុងប្រទេសអេក្វាទ័រ។ បច្ចុប្បន្ន ប៉ូលិសកំពុងបើកការស៊ើបអង្កេតលើការជួញដូរសត្វព្រៃខុសច្បាប់ ថា តើបុរសទាំង៣នាក់នេះ អាចគេចផុតពីប្រព័ន្ធត្រួតពិនិត្យដ៏តឹងរ៉ឹងនៅឯព្រលានយន្តហោះនៅលើកោះនោះ បានដោយរបៀបណា...?

គួរជម្រាបថា សត្វបង្គួយអីក្វាណា គឺជាប្រភេទសត្វអីក្វាណាតែមួយគត់នៅលើពិភពលោក ដែលមានសមត្ថភាពអាចមុជទឹក និងអាចរស់នៅក្រោមទឹកបានរហូតដល់៦០នាទី។ គួរបញ្ជាក់ថា សកម្មភាព​របស់ក្រុមជនជាតិថៃទាំងនេះ មិនត្រឹមតែបំពានច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្តែងឱ្យឃើញពីភាពសាហាវឃោរឃៅ និងអសីលធម៌យ៉ាងធ្ងន់ធ្ងរបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត