
រដ្ឋធានតេហេរ៉ង់៖ រូបភាពខាងក្រៅ អាម៉េរិក និងអ៊ីរ៉ង់ នៅបន្តភ្ជង់កាំភ្លើងដាក់គ្នា តែខាងក្រោយ ភាគីម្ខាងៗ សុទ្ធតែចង់ចរចាជាមួយគ្នាសាជាថ្មី។ ចិត្តខ្លាំងរៀងខ្លួន ហើយក៏ខ្លាចអន់រៀងខ្លួនដែរ អាម៉េរិក និងអ៊ីរ៉ង់ មិនហ៊ានទាក់ទង ឬនិយាយគ្នាផ្ទាល់នោះទេ សុខចិត្តផ្ញើសារទៅវិញទៅមកតាមរយៈភាគីបាគីស្ថានវិញ ដែលដើរតួជាអាជ្ញាកណ្តាលតាំងពីមុនប្រទេសទាំងពីរផ្ទុះសង្គ្រាមមកម្ល៉េះ។

មិនមែនគ្រាន់តែជាសារធម្មតានោះទេ តែអាម៉េរិក និងអ៊ីរ៉ង់ ក៏កំពុងផ្ញើសេចក្តីព្រាងឱ្យគ្នាដែរ ខណៈក្រុមអ្នកចរចាទាំងសងខាង កំពុងប្រឹងប្រែងរៀងខ្លួន ដើម្បីឈានទៅធ្វើឱ្យសេចក្តីព្រាងនេះ ក្លាយជាកិច្ចព្រមព្រៀងផ្លូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មាន ISNA របស់អ៊ីរ៉ង់ ហើយត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

រដ្ឋមន្រ្តីមហាផ្ទៃប៉ាគីស្ថាន លោក ម៉ូស៊ីន ណាកវី (Mohsin Naqvi) បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ និងបានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ឈី (Abbas Araghchi) នៅថ្ងៃទី២១ ខែឧសភា។ សារព័ត៌មាន Al Jazeera សរសេរថា ជំនួបនេះ បង្ហាញឱ្យឃើញពីការប្រឹងយ៉ាងខ្លាំងរបស់ប៉ាគីស្ថាន ជាតួអង្គសម្របសម្រួល ដើម្បីបញ្ចៀសភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់។

មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ បានប្រាប់ Al Jazeera ថា ក្រុមអ្នកចរចា ជិតឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយហើយ ខណៈបច្ចុប្បន្ន កំពុងតែធ្វើសេចក្តីព្រាង។ ថ្វីបើមានសញ្ញាល្អបែបនេះបន្តិចក្តី តែគេហាក់មិនសូវទុកចិត្ត និងមិនសូវជឿជាក់ឡើយ ថាសង្គ្រាមដែលកើតឡើងពីការរួមគ្នារវាងអាម៉េរិក-អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ អាចនឹងបញ្ចប់ទៅវិញស្រួលៗ ពីព្រោះការចរចា កើតឡើងប៉ុន្មានដង ហើយក៏គេឮញឹកញាប់ដែរ តែទីបំផុត នៅតែមិនបានផលដដែល៕



