រុស្ស៊ីចល័តក្បាលគ្រាប់នុយក្លេអ៊ែរគគ្រឹកគគ្រេង ក្នុងសមយុទ្ធយោធាខ្នាតយក្ស
ហៀប ស៊ីថេត
7 ម៉ោងមុន

រដ្ឋធានីម៉ូស្គូ៖ ស្របដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីប៉ាកាំង នៅថ្ងៃពុធទី២០ ខែឧសភានេះ រុស្ស៊ីបានបង្ហាញនូវខ្សែវីដេអូពីសកម្មភាពកងទ័ព កំពុងដឹកជញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់ប្រព័ន្ធបាញ់បង្ហោះចល័ត Iskander-M និងចល័តដោយសម្ងាត់ទៅកាន់ទីតាំងបាញ់បង្ហោះ ខណៈនេះជាផ្នែកមួយនៃសមយុទ្ធនុយក្លេអ៊ែរដ៏ធំមួយ...។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបញ្ចេញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញថា កងទ័ពនៅតាមអង្គភាពនានា បានកម្រិតឱ្យត្រៀមខ្លួនប្រយុទ្ធខ្ពស់បំផុតសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ សមយុទ្ធយោធាខ្នាតយក្សមានរយៈពេល៣ថ្ងៃនេះ បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយប្រព្រឹត្តទៅនៅទូទាំងប្រទេសរុស្ស៊ី និងបេឡារុស្ស។ ព្រឹត្តិការណ៍នេះកើតឡើងចំពេលរដ្ឋធានីម៉ូស្គូ កំពុងស្ថិតក្នុងភាពតានតឹងជាមួយបណ្តាប្រទេសលោកខាងលិច ជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ហើយភាពតានតឹងជាមួយអង្គការណាតូ ឬអ៊ូតង់ និងអឺរ៉ុប កំពុងកើនឡើងយ៉ាងគំហុកផងដែរ។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃអង្គារថា សមយុទ្ធនេះមានការចូលរួមពីកងកម្លាំងយោធាចំនួន៦៤០០០នាក់, ឧបករណ៍បាញ់បង្ហោះមីស៊ីលជាង២០០គ្រឿង, យន្តហោះចម្បាំង១៤០គ្រឿង, នាវាចម្បាំង៧៣គ្រឿង, នាវាមុជទឹក ១៣គ្រឿង សមយុទ្ធនេះក៏រួមបញ្ចូលទាំងការហាត់សមពីនីតិវិធីបាញ់បង្ហោះអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ដែលមានមូលដ្ឋាននៅក្នុងប្រទេសបេឡារុសផងដែរ។ វីដេអូនៃសកម្មភាពហ្វឹកហ្វឺននោះ បានបង្ហាញពីកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីកំពុងធ្វើដំណើរជាក្បួនកាត់តាមតំបន់ព្រៃក្រាស់ ការបន្លំភ្នែកសត្រូវ និងការលើកបំពង់បង្ហោះមីស៊ីលទៅក្នុងទម្រង់ត្រៀមបាញ់។ គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Iskander-M មានសមត្ថភាពបាញ់បានចម្ងាយរហូតដល់៥០០គីឡូម៉ែត្រ ហើយវាអាចផ្ទុកបានទាំងក្បាលគ្រាប់នុយក្លេអ៊ែរ និងក្បាលគ្រាប់ធម្មតា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត