ចាយពេល៣ឆ្នាំ ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចការសាងសង់បានជាង៥០ភាគរយ
S
Sreyleak Yith
14 ម៉ោងមុន

ក្រុងតាខ្មៅ៖ គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦នេះ ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ដែលមានទីតាំងស្ថិតនៅខេត្តកណ្ដាល នៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់នឹងមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) និងផ្លូវជាតិលេខ១ ផ្លូវនៅត្រើយខាងកើត ស្ថិតក្នុងឃុំថ្មគរ សម្រេចបាន៥០,៨ភាគរយហើយ ក្រោយបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅ...។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងនេះមានប្រវែងសរុប៣,៧គីឡូម៉ែត្រ មានដូចជា ស្ពានឆ្លងទន្លេមេគង្គ មានប្រវែងសរុប១៦០០ម៉ែត្រ ទទឹង២៦ម៉ែត្រ មានគន្លងផ្លូវរថយន្ត ផ្លូវទោចក្រយានយន្ត ផ្លូវថ្មើរជើង មានគន្លងនាវាចរណ៍ចំនួន៣គន្លង ដែលគន្លងនីមួយៗមានចន្លោះសុវត្ថិភាព ទទឹង១១០ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ។ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៨ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទាន ដោយដៃគូអភិឌ្ឍន៍ ទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)។ ក្នុងកំលុងពេលនៃការសាងសង់ផ្លូវនាវាចរណ៍នៅតំបន់ការដ្ឋាន នឹងមានការរួមតូចដែលអាចរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។ ដូចនេះ ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ត្រូវរក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និងគួចខ្លាំង ដើម្បីចៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។

ក្រៅតែពីចំណុចត្រូវប្រុងប្រយ័ត្ន ក្រសួងក៏បានប្រាប់ពីវិធានការមួយចំនួន ដែលត្រូវហាមឃាត់សម្រាប់ការធ្វើនាវាចរណ៍រួមមាន៖ មិនអនុញ្ញាតឱ្យនាវាបោះយុថ្កាឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ៥០០ម៉ែត្រពីការដ្ឋានសាងសង់។ ហាមបើកបរវ៉ាជែងគ្នាប្រើប្រាស់ល្បឿនលឿនបណ្ដាលឱ្យមានរលកខ្លាំង និងត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាចម្ងាយ៥០០ម៉ែត្រ ក្នុងករណីធ្វើនាវាចរណ៍បញ្ច្រាស់ចរន្តទឹកហូរ និង១ពាន់ម៉ែត្រ ក្នុងករណីធ្វើនាវាចរណ៍ស្របតាមចរន្តទឹកហូរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត