ទប់ស្កាត់ការនាំចូលជំងឺអេបូឡា! ​រាល់អ្នកដំណើរចូលកម្ពុជា មានកម្តៅចាប់ពី៣៨អង្សា នឹងត្រូវធ្វើ​ចត្តាទ្បីស័ក
អុន សម្ផស្ស
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ ទោះមិនទាន់មកដល់កម្ពុជា តែក្រសួងសុខាភិបាល ណែនាំឱ្យក្រុម​ការងារ​ចត្តាទ្បីស័ក​​អនុវត្តវិធានសុខាភិបាលភ្លាមៗ ក្នុងករណី​ពិនិត្យ​ឃើញ​អ្នក​ដំណើរ​ណា​មួយ​ មាន​ការ​ទ្បើង​កម្តៅ​ចាប់​ពី​៣៨​អង្សាសេ។ នេះជាការគូសបញ្ជាក់របស់ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកការងារជំងឺឆ្លងនៃក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំស្តីអំពីការ​ពង្រឹង​ និង​ពិនិត្យ​លើការ​បង្ការ ទប់ស្កាត់ នូវការនាំចូលជាយថាហេតុ​នៃជំងឺអេបូឡា(Ebola)..។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកការងារជំងឺឆ្លងនៃក្រសួងសុខាភិបាល  
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកការងារជំងឺឆ្លងនៃក្រសួងសុខាភិបាល  

កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺ វិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាកាសយានដ្ឋានអន្តរជាតិតេជោ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត តាមរយៈប្រព័ន្ធនិម្មិត (Zoom) កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ណែនាំឱ្យតាមដានជាប់​ជា​ប្រចាំ​ តាមរយៈ​ការ​ស្កែនកម្តៅគ្រប់អ្នកដំណើរចូលទាំងអស់ នៅតាមទីតាំងអ្នកដំណើរមកដល់។ លោកស្រីសង្កត់ធ្ងន់ថា៖«ក្នុងករណី​ពិនិត្យ​ឃើញ​ មាន​ការ​ទ្បើង​កម្តៅ​ចាប់​ពី​៣៨​អង្សាសេ​ លើ​អ្នក​ដំណើរ​ណា​មួយ ​ ក្រុម​ការងារ​ចត្តាទ្បីស័ក​ នឹង​អនុវត្តវិធានសុខាភិបាលភ្លាមៗ» បន្ថែមលើនោះ ក្នុងករណីមានអ្នកដំណើរមកពី​ប្រទេស​ ដែល​មានការ​ប្រឈម​ខ្ពស់​ ហើយរកឃើញករណីសង្ស័យណាមួយ ការ​អនុវត្ត​វិធាន​សុខាភិបាល​ ត្រូវ​តែអនុវត្ត​ជាបន្ទាន់ ​និង​ត្រៀមមន្ទីរពេទ្យជាតិតេជោសន្តិភាព សម្រាប់ការដាក់នៅដាច់ដោយឡែក (Isolation) និង​ធ្វើ​ការ​ព្យាបាល​ជាបន្ទាន់​។ ជាមួយគ្នានេះ ក្រុមការងារចត្តាឡីស័ក ត្រូវ​សហការជាមួយក្រុមការងារអាកាសយានដ្ឋានពង្រឹង និងតាមដានជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងចូលនៃជំងឺអេបូឡាជាយថាហេតុ​។

ក្នុងខែឧសភាឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក បានប្រកាសពីការឆ្លងជំងឺអេបូឡា នៅតាមបន្ទាត់ព្រំដែនកុងហ្គោ ទៅកាន់ប្រទេសអ៊ូហ្គង់ដា បណ្ដាលឱ្យមានអ្នកឆ្លង និងស្លាប់។ អេបូឡា ជាជំងឺឆ្លងធ្ងន់ធ្ងរបង្កដោយក្រុមវីរុសអេបូឡា អាចបណ្ដាលឱ្យស្លាប់ក្នុងអត្រាខ្ពស់រហូតដល់៨០-៩០ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។ វីរុសនេះ ត្រូវបានគេរកឃើញនៅឆ្នាំ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភាគច្រើនត្រូវបានរកឃើញនៅតំបន់វាលសាហារ៉ានៃទ្វីបអាហ្វ្រិក។ ជំងឺអេបូឡា ឆ្លងតាមការប៉ះផ្ទាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺ ឬអ្នកស្លាប់ដោយសារជំងឺអេបូឡា ឬសម្ភារដែលមានផ្ទុកវីរុសអេបូឡា។ វាក៏អាចឆ្លងដោយកម្រតាមរយៈការប៉ះពាល់ជាមួយសត្វដែលមានផ្ទុកវីរុសអេបូឡា ដូចជា ពពួកអម្បូរសត្វប្រចៀវ ជ្រឹង ឈ្លូស ប្រើស និងស្វា ដែលរស់នៅក្នុងតំបន់ព្រៃក្រាស់ៗនៅទ្វីបអាហ្វ្រិក៕

រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត