
រាជធានីភ្នំំពេញ៖ មនុស្ស២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយពួកគេបន្លំខ្លួនធ្វើជាមន្ត្រីកងរាជអាវុធហត្ថ និងទាហាន ដើម្បីធ្វើសកម្មភាពឆបោក និងក្លែងឯកសារសាធារណៈ។ នេះបើតាមការឱ្យដឹងពីក្រុមការងារព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...។

ប្រតិបត្តិការតាមចាប់ខ្លួនជនខ្លែងបន្លំខាងលើ ធ្វើឡើងដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់មន្ត្រីជំនាញបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការចាប់ខ្លួនមនុស្សទាំង២នាក់នោះបាន ដោយក្នុងនោះរួមមាន៖ ទី១.ឈ្មោះ យិន វណ្ណារ៉ា ហៅ«លៀង» និងទី២.ឈ្មោះ រស់ សុវណ្ណច័ន្ទសំណាង ហៅ «ដេត» ពាក់ព័ន្ធការប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ និងឯកសណ្ឋានសម្រាប់អាជ្ញាធរសាធារណៈ ព្រមទាំងជាប់ពាក់ព័ន្ធបទល្មើសជាច្រើនផ្សេងទៀត រួមមាន៖ ការឆបោក បទក្លែងបន្លំឯកសារសាធារណៈ និងការប្រើប្រាស់ឯកសារសាធារណៈក្លែងជាដើម។

បច្ចុប្បន្ន ជនសង្ស័យទាំង២ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ ជាមួយគ្នា កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបុគ្គលដែលស្លៀកពាក់ ឬបង្ហាញខ្លួនជាមន្ត្រីអាជ្ញាធរ ដោយមានអាកប្បកិរិយាគួរឱ្យសង្ស័យ ហើយសូមចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕





