
រាជធានីបាងកក៖ ព្រះរាជវាំងថៃ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភានេះថា ស្ថានភាពព្រះរាជសុខភាពរបស់ព្រះនាង ព័ជ្រកិតិយាភា (พัชรกิติยาภา) កាន់តែដុនដាបខ្លាំង ដោយសារតែការឆ្លងមេរោគជាច្រើនប្រភេទនៅក្នុងសរីរាង្គ ខណៈក្រុមគ្រូពេទ្យមិនទាន់អាចគ្រប់គ្រងចលនាបេះដូង ដែលលោតមិនប្រក្រតីរបស់ព្រះនាងបាននៅឡើយទេ។

ក្នុងព្រះជន្ម៤៧ព្រះវស្សា និងជាបុត្រីច្បងរបស់ព្រះមហាក្សត្រ មហាវជិរាលង្ករណ៍ (มหาวชิราลงกรณ์) ព្រះនាង ព័ជ្រកិតិយាភា ត្រូវបានបញ្ជូនព្រះកាយទៅកាន់មន្ទីរពេទ្យកាលពីខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីព្រះនាងបានដួលសន្លប់ដោយសារបញ្ហាប្រព័ន្ធបេះដូង និងការឆ្លងមេរោគផ្សេងៗ។ ព្រះនាងបានស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតីរហូតមកទល់ពេលនេះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា បន្ទាប់ពីការព្យាបាលអស់រយៈពេលជាច្រើនឆ្នាំ ក្រុមគ្រូពេទ្យបានរកឃើញការឆ្លងមេរោគនៅក្នុងក្រពះ ដែលបានបណ្ដាលឱ្យមានការរលាកនៅក្នុងពោះវៀនធ្ងន់ធ្ងរកាលពីខែមេសា សម្ពាធលោហិតធ្លាក់ចុះខ្លាំង និងធ្វើឱ្យចលនាបេះដូងលោតមិនប្រក្រតី។

ក្រសួងព្រះរាជវាំងបានបន្តទៀតថា ព្រះនាងត្រូវបានថ្វាយព្រះឱសថ និងត្រូវបានបំពាក់ឧបករណ៍វេជ្ជសាស្ត្រនានា ដើម្បីជួយគាំទ្រដល់ដំណើរការសួត និងតម្រងនោម ប៉ុន្តែព្រះរាជសុខភាពរបស់ព្រះនាងនៅតែបន្តធ្លាក់ចុះដុនដាបដដែល ដោយក្រុមគ្រូពេទ្យនឹងបន្តតាមដានស្ថានភាពព្រះសុខភាពរបស់ព្រះនាងដោយយកចិត្តទុកដាក់បំផុត និងបន្តថែទាំព្យាបាលបន្ថែមទៀត។ សូមជម្រាបថាព្រះនាងម្ចាស់ ព័ជ្រកិតិយាភា គឺជាបុត្រីតែមួយគត់ ដែលកើតចេញពីចំណងអាពាហ៍ពិពាហ៍ដំបូងបង្អស់របស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន៕


