ខេត្តនរាធិវាសឡើងកម្តៅ៖ ក្រុមខ្មា.ន់.កាំ.ភ្លើ.ងលបបា.ញ់.ប្រ.ហារទាហានថៃម្នាក់រងរបួសធ្ងន់ និងបណ្ដាលឱ្យក្មេងស្រីអាយុ៧ឆ្នាំម្នាក់រងគ្រោះដែរ
N
Nary Vann
12 ម៉ោងមុន

រាជធានីបាងកក៖ ភាពចលាចល និងអសន្តិសុខនៅខេត្តភាគខាងត្បូងប្រទេសថៃ បានឡើងកម្ដៅសាជាថ្មីម្ដងទៀត បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ លបបាញ់ប្រហារយ៉ាងសាហាវមួយ កាលពីវេលាម៉ោងប្រហែល៧យប់ថ្ងៃពុធទី២០ ខែឧសភាម្សិលមិញ នៅខេត្តនរាធិវាស (ឬ​ ណារ៉ាធីវ៉ាត)។ ហេតុការណ៍នេះ បានបណ្ដាលឱ្យទាហានថៃម្នាក់ និងក្មេងស្រីតូចម្នាក់ទៀតរងរបួស។

ជនរងគ្រោះទីមួយ វ័យ២៩ឆ្នាំ ជាទាហានមកពីវរសេនាតូចថ្មើរជើងទី៣ នៃយោធភូមិភាគប៉ាតានី (Pattani)។ តាមសេចក្តីរាយការណ៍ ទាហានរូបនេះបានធ្វើដំណើរចាកចេញពីបន្ទាយទ័ព ដើម្បីមកសាកសួរសុខទុក្ខក្រុមគ្រួសារនៅផ្ទះ ប៉ុន្តែអកុសលត្រូវក្រុមខ្មាន់កាំភ្លើងលបបាញ់ប្រហារចំទ្រូងទម្លាយទៅខ្នង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។ ស្របពេលជាមួយគ្នានោះ ក្មេងស្រីតូចម្នាក់អាយុ៧ឆ្នាំ ដែលនៅក្បែរនោះ ក៏ត្រូវគ្រាប់កាំភ្លើងចំជើងឆ្វេងរងរបួសផងដែរ។ ភ្លាមៗ ក្រុមជួយសង្គ្រោះបានបញ្ជូនជនរងគ្រោះទាំងពីរទៅកាន់មន្ទីរពេទ្យស្រុក ហើយដោយសារតែរបួសទាហានមានសភាពធ្ងន់ធ្ងរពេក ទើបត្រូវបានគេបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តនរាធិរាសបន្ត។

ក្រោយកើតហេតុ កម្លាំងសន្តិសុខ ប៉ូលិស និងអាជ្ញាធរមូលដ្ឋាន បានចុះទៅបិទខ្ទប់ទីតាំងកើតហេតុភ្លាមៗ ដើម្បីប្រមូលភស្តុតាង និងបង្កើនវិធានការសន្តិសុខឱ្យកាន់តែតឹងរ៉ឹង ដើម្បីការពារកុំឱ្យមានអំពើហិង្សាបន្តទៀត។ អាជ្ញាធរថៃ បានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិល ជាពិសេស គឺកុមារតូចៗ។ គួររំលឹកផងដែរថា ហេតុការណ៍លបបាញ់ប្រហារស្រដៀងគ្នានេះ ធ្លាប់កើតឡើងញឹកញាប់មកហើយនៅក្នុងខេត្តនរាធិរាស ដោយកាលពីខែមេសា ឆ្នាំមុន ក្រុមឧទ្ទាមក៏បានលបបាញ់ប្រហារបណ្ដាលឱ្យមនុស្ស១០នាក់រងរបួស ក្នុងនោះមានកុមាររហូតដល់៨នាក់ផងដែរ។ អាជ្ញាធរសង្ស័យថា ករណីទាំងអស់នេះ គឺកើតចេញពីស្នាដៃរបស់ក្រុមចលនាឧទ្ទាមបំបែករដ្ឋ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅតំបន់ភាគខាងត្បូងចុងស្រុករបស់ថៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត