ចិន និងអាម៉េរិក ចាប់ផ្ដើមចរចាកាត់បន្ថយពន្ធគយ ពន្លត់ភ្លើងសង្គ្រាមពាណិជ្ជកម្ម
N
Nary Vann
6 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសជាផ្លូវការនៅថ្ងៃទី២០ ខែឧសភានេះថា រដ្ឋធានីប៉េកាំងនឹងសហការជាមួយរដ្ឋធានីវ៉ាស៊ីនតោន រៀបចំក្របខណ្ឌកាត់បន្ថយពន្ធគយទៅវិញទៅមកលើមុខទំនិញ ដែលមានតម្លៃ៣០ពាន់លានដុល្លារអាម៉េរិកឡើងទៅ សម្រាប់ភាគីម្ខាងៗ។ ការប្រកាសនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានទៅបំពេញទស្សនកិច្ចផ្លូវការ និងជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង...

លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង
លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង

មហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ បានធ្លាក់ចូលក្នុងសង្គ្រាមពន្ធគយយ៉ាងក្ដៅគគុកពេញមួយឆ្នាំ២០២៥ រហូតដល់មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ផ្អាកសង្គ្រាមពន្ធរយៈពេលមួយឆ្នាំ ក្នុងជំនួបនៅប្រទេសកូរ៉េខាងត្បូង កាលពីខែតុលាឆ្នាំមុន។ ក្នុងជំនួបនារដ្ឋធានីប៉េកាំងកាលពីសប្តាហ៍មុន ភាគីទាំងពីរ បានបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មរួមគ្នា ដើម្បីអនុវត្តការកាត់បន្ថយពន្ធនេះ ដោយខាងភាគីចិន បានសម្ដែងក្ដីសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងគោរពតាមការសន្យារបស់ខ្លួន ព្រមទាំងអំពាវនាវឱ្យមានការបន្តពន្យារពេលនៃកិច្ចព្រមព្រៀងផ្អាកសង្គ្រាមពន្ធគយនេះបន្ថែមទៀត។

ក្រៅពីការចរចារឿងពន្ធគយ ក្រសួងពាណិជ្ជកម្មចិនក៏បានបញ្ជាក់ពីលទ្ធផលផ្លែផ្កាធំៗចំនួន២ទៀតពីជំនួបកំពូលនេះ ក្នុងនោះរួមមានការព្រមព្រៀងជាផ្លូវការរបស់ប្រទេសចិន ក្នុងការបញ្ជាទិញយន្តហោះស៊ីវិលចំនួន២០០គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះយក្សរបស់សហរដ្ឋអាម៉េរិក Boeing។ ជាមួយគ្នា ភាគីចិន​​ ក៏បានសម្រេចបើកផ្លូវឱ្យក្រុមហ៊ុននាំចេញសាច់គោរបស់សហរដ្ឋអាម៉េរិកមួយចំនួន អាចចុះឈ្មោះដើម្បីនាំចូលផលិតផលរបស់ខ្លួនមកកាន់ទីផ្សារចិនឡើងវិញផងដែរ បន្ទាប់ពីត្រូវបានផ្អាកកាលពីឆ្នាំ២០២៥ ចំពេលសង្គ្រាមពាណិជ្ជកម្មឡើងកម្តៅ។

ទោះជាយ៉ាងណា ចំពោះបញ្ហាដ៏រសើបពាក់ព័ន្ធនឹងការផ្គត់ផ្គង់រ៉ែកម្រ (Rare Earths) ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតបច្ចេកវិទ្យា ដែលចិនបានដាក់កម្រិតការនាំចេញយ៉ាងតឹងរ៉ឹងកាលពីឆ្នាំ២០២៥នោះ ក្រសួងពាណិជ្ជកម្មចិន មិនទាន់បានបើកកកាយលម្អិតឡើយ ដោយគ្រាន់តែបញ្ជាក់ថា ភាគីទាំងពីរ កំពុងធ្វើការរួមគ្នាដើម្បីសិក្សា និងដោះស្រាយការព្រួយបារម្ភស្របច្បាប់របស់គ្នាទៅវិញទៅមក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត