ធ្លាយព័ត៌មានសម្ងាត់៖ ដូណាល់ ត្រាំ ត្រៀមកាត់បន្ថយកម្លាំងទ័ពជួយណាតូ បង្ខំឱ្យអឺរ៉ុបទទួលខុសត្រូវរឿងសន្តិសុខខ្លួនឯង
N
Nary Vann
មួយម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសប្រាប់បណ្ដាប្រទេសជាសម្ព័ន្ធមិត្តណាតូ នៅសប្តាហ៍នេះថា សហរដ្ឋអាម៉េរិកនឹងកាត់បន្ថយទំហំកងកម្លាំងយោធាបម្រុងរបស់ខ្លួន ដែលធ្លាប់តែត្រៀមលក្ខណៈសម្រាប់ជួយសង្គ្រោះបណ្ដាប្រទេសអឺរ៉ុប នៅពេលមានវិបត្តិសង្គ្រាម ឬការវាយប្រហារណាមួយកើតឡើង។ នេះបើយោងតាមការទម្លាយឱ្យដឹងពីប្រភពសម្ងាត់ចំនួន៣រូប ដែលដឹងឮអំពីរឿងនេះ...។

ជាធម្មតា នៅក្រោមរចនាសម្ព័ន្ធយោធារបស់ណាតូ (NATO Force Model) ប្រទេសជាសមាជិកទាំងអស់ត្រូវកំណត់ចំនួនទ័ព និងអាវុធរួមគ្នា ដែលអាចហៅប្រើប្រាស់បានភ្លាមៗនៅពេលមានអាសន្ន។ ប៉ុន្តែនៅពេលនេះ ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បានសម្រេចចិត្តយ៉ាងច្បាស់ថា ខ្លួននឹងបន្ថយការប្ដេជ្ញាចិត្តលើការផ្ដល់កងទ័ពជួរមុខនេះហើយ ដើម្បីអនុវត្តតាមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ដែលតែងតែទាមទារឱ្យបណ្ដាប្រទេសនៅសហភាពអឺរ៉ុប ចេញមុខមកទទួលខុសត្រូវចម្បងលើបញ្ហាសន្តិសុខ និងការពារជាតិនៅលើទ្វីបរបស់ខ្លួន ជំនួសឱ្យការពឹងផ្អែកលើសហរដ្ឋអាម៉េរិកតែម្ខាង។

យោងតាមប្រភពដដែល ផែនការកាត់បន្ថយកម្លាំងទ័ពរបស់សហរដ្ឋអាម៉េរិកនេះ នឹងត្រូវប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំប្រមុខគោលនយោបាយការពារជាតិណាតូ នាថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដើម្បីរៀបចំរបៀបវារៈឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលមេដឹកនាំណាតូ ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសតួកគី នៅខែកក្កដាខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយរបស់មន្ទីរបញ្ចកោណ លោក អ៊ែលប្រ៊ីជ កូលប៊ី (Elbridge Colby) បានបញ្ជាក់ជាសាធារណៈថា សហរដ្ឋអាម៉េរិកនៅតែបន្តរក្សា «ឆត្រការពារនុយក្លេអ៊ែរ» ដើម្បីការពារសមាជិកណាតូដដែល ប៉ុន្តែចំពោះកងទ័ពជើងគោក ជើងទឹក និងជើងអាកាសធម្មតា គឺអឺរ៉ុបត្រូវតែជាអ្នកដឹកនាំ និងចេញមុខមុនគេ៕

ការកែសម្រួលរចនាសម្ព័ន្ធយោធានេះ បានធ្វើឱ្យបណ្ដាប្រទេសអឺរ៉ុបមានការព្រួយបារម្ភយ៉ាងខ្លាំងថា រដ្ឋធានីវ៉ាស៊ីនតោនអាចនឹងដកខ្លួនចេញពីណាតូទាំងស្រុង ស្របពេលដែលប៉ុន្មានសប្តាហ៍មុននេះ លោក ត្រាំ ទើបតែបានប្រកាសកាត់បន្ថយទ័ពអាម៉េរិកប្រហែល ៥០០០នាក់ចេញពីអឺរ៉ុប និងបានលុបចោលការដាក់ពង្រាយកងពលតូចមួយទៅកាន់ប្រទេសប៉ូឡូញ។ ក្រៅពីបញ្ហាយោធា ទំនាក់ទំនងរវាងអាម៉េរិក និងអឺរ៉ុបក៏កំពុងមានភាពរកាំរកូសខ្លាំងផងដែរ ដោយសារតែមហិច្ឆតារបស់លោក ត្រាំ ក្នុងការចង់គ្រប់គ្រងកោះហ្គ្រីនឡែន (Greenland) របស់ដាណឺម៉ាក ព្រមទាំងជម្លោះពាក្យសម្តីរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់  លោក ហ្វ្រីទ្រិច មើស (Friedrich Merz) ដែលបានរិះគន់យ៉ាងខ្លាំងចំពោះសង្គ្រាមរបស់អាម៉េរិកជាមួយអ៊ីរ៉ង់នាពេលថ្មីៗនេះ។ ភាគីអឺរ៉ុបបានតវ៉ាថា ពួកគេកំពុងតែពង្រឹងសមត្ថភាពយោធារបស់ខ្លួនយ៉ាងលឿនហើយ ប៉ុន្តែការបង្កើតកងទ័ពការពារខ្លួនមិនអាចធ្វើឡើងត្រឹមតែមួយយប់នោះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត