រដ្ឋមន្រ្តីមើលឃើញថា ការជម្នះគ្រប់ឧបសគ្គ ធ្វើឱ្យកងទ័ពកម្ពុជាកាន់តែរឹងមាំក្នុងការទប់ទល់ការឈ្លានពានរបស់ថៃ
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ដើម្បីការពារទឹកដី និងប្រជាពលរដ្ឋ មួយរយៈនេះ វីរកងទ័ពកម្ពុជាពិតជាហត់នឿយណាស់ ក្នុងការទប់ទល់ចំពោះការឈ្លានពានពីសំណាក់យោធាថៃ។ ការជម្នះឧបសគ្គ និងការលំបាកយ៉ាងច្រើននេះ បានធ្វើឱ្យកងទ័ពកម្ពុជាកាន់តែមានភាពខ្លាំងក្លា និងរឹងមាំជាងមុន។ នេះជាការមើលឃើញរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលលោករំលេចឡើងតាមរយៈសារផ្ញើជូនកងទ័ពទាំងអស់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ

លោករដ្ឋមន្ត្រីការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលយ៉ាងធំធេង ដែលកងទ័ពសម្រេចបានកន្លងមក គឺកើតចេញពីការលះបង់ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកនានា ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ជាមួយការប្តេជ្ញាចិត្តខ្ពស់។ លោករដ្ឋមន្ត្រី បញ្ជាក់យ៉ាងដូច្នេះថា៖«ការពុះពារជម្នះបានគ្រប់ឧបសគ្គទាំងអស់នេះ បានធ្វើឱ្យកងយោធពលខេមរភូមិន្ទ កាន់តែរឹងមាំ កាន់តែមានភាពខ្លាំងក្លា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាព ទឹកដីរបស់ខ្លួន។ ជាបទពិសោធកន្លងមកនេះ ក្រោមស្មារតីជាតិខ្មែរតែមួយ យើងបានរួបរួមសាមគ្គីពួតដៃគ្នាទប់ស្កាត់ការឈ្លានពានពីប្រទេសជិតខាង មកលើដែនអធិបតេយ្យភាពរបស់យើង»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត