មេប៉ូលិសរាជធានីបញ្ជាក់ករណីម៉ូតូតូច ឬធំ ត្រូវអនុវត្តទោសដូចគ្នា ប្រសិនបើរកឃើញល្មើសច្បាប់
ហាក់ អ៊ីឌី
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គម មហាជននាំគ្នាជជែកវែកញែក ពាក់ព័ន្ធការបង្ហោះម៉ូតូលើដងផ្លូវសាធារណៈពីសំណាក់ក្រុមអ្នកស្រឡាញ់ម៉ូតូធំមួយក្ដាប់តូច ខណៈរូបភាពទាំងនេះ បានក្លាយទៅជាប្រធានបទក្ដៅរហូតផ្លោងពាក្យសម្ដីដាក់គ្នារវាងអ្នកប្រតិកម្ម និងអ្នកស្រឡាញ់ម៉ូតូធំ ហើយអ្នកខ្លះទៀតចោទជាសំណួរថា តើសមត្ថកិច្ចចាត់វិធានការបែបណា លើក្រុមបង្ហោះម៉ូតូតាមដងផ្លូវ...? តើមានបែងចែកម៉ូតូតូចឬធំដែរឬទេ...?

ទាក់ទិនបញ្ហាទាំងអស់នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបញ្ចេញសារសំឡេងតាមបណ្ដាញសង្គម ដោយបានណែនាំទៅកាន់លោកស្នងការរង និងមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវបង្កើនការរឹតបន្តឹងទៅលើមធ្យោបាយគ្រប់ប្រភេទជាពិសេសម៉ូតូតូច និងធំ នៅតាមតំបន់ទីប្រជុំជន ព្រមទាំងតំបន់ដែលសម្បូរទៅដោយគ្រឹះស្ថានអប់រំ ពោលគឺហាមដាច់ខាតចំពោះសកម្មភាពល្មើសល្បឿន បើកបរវាជែង និងបើកបង្ហោះ។ ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ គឺមិនរើសឡើយ មិនថាក្មេងទំនើង ឬចាស់ទំនើង ម៉ូតូតូច ឬធំ ឱ្យតែល្មើសច្បាប់ និងបង្កភាពអណាធិបតេយ្យលើដងផ្លូវ ត្រូវតែទទួលខុសមុខច្បាប់ដូចគ្នា ។ 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បាននាំខ្លួនយុវជនម្នាក់ឈ្មោះ ឡាយ ឈៀង អាយុ២៧ឆ្នាំ បន្ទាប់ពីបើកម៉ូតូធំធ្វើសកម្មភាពបង្ហោះនៅក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលបានបង្កការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំងពីមហាជននៅលើបណ្ដាញសង្គម។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថា យុវជនរូបនេះប្រើប្រាស់ម៉ូតូគ្មានពន្ធនាំចូលត្រឹមត្រូវ គ្មានស្លាកលេខ និងគ្មានបណ្ណបើកបរថែមទៀតផង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត