មោទកភាពកូនខ្មែរ! និស្សិតកម្ពុជា២រូបទទួលពានរង្វាន់ពីប្រធានាធិបតីសិង្ហបុរី ក្រោយជាប់ជ័យលាភីលេខ២ពីការប្រកួតគម្រោងបញ្ញាសិប្បនិម្មិតទូទាំងតំបន់អាស៊ាន
S
Soriya Sou
7 ម៉ោងមុន


រាជធានីភ្នំពេញ៖ និស្សិតកម្ពុជាចំនួន២រូប បានជាប់ជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge ដែលប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរី…។

មន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១៩ឧសភា បានប្រកាសអបអរសាទរ និងចាត់ទុកការជាប់ជ័យលាភីរបស់ក្រុមនិស្សិតខ្មែរខាងលើ ជាមោទនភាពរបស់យុវជនកម្ពុជា។ បើតាមក្រសួងប្រៃសណីយ៍ ក្នុងកម្មវិធីប្រកួតទូទាំងតំបន់អាស៊ាន ដែលរៀបចំដោយមូលនិធិអាស៊ាន Google.org និងស្ថាប័ន AI Singapore ក្រុម Voha.ai របស់និស្សិតកម្ពុជា ដែលមាន លោក គាន យូហ័ង ជានិស្សិតទើបបញ្ចប់ការសិក្សាឆ្នាំ២០២៦ និងលោក គង់ លីជីង ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងចំណោមក្រុមដែលចូលរួមប្រកួតដល់ទៅជាង៦០០ក្រុមឯណោះ។ កម្មវិធីនេះ បានប្រព្រឹត្តទៅរយៈពេលជាង៤ខែ ដោយបេក្ខជនត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល លើកសំណើគម្រោង និងអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិតសាកល្បង ដើម្បីប្រកួតក្នុងប្រទេស រួចចូលរួមប្រកួតបន្តនៅកម្រិតតំបន់។

ក្រុម Voha.ai ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីជួយកុមារដែលមានពិការភាពផ្នែកការស្ដាប់(ថ្លង់) អាចរៀននិយាយបានងាយស្រួល និងឆាប់រហ័សជាងមុន តាមរយៈការប្រើកម្មវិធីបង្ហាត់ការបញ្ចេញសំឡេង ដោយមានទាំងផ្នែកសិក្សា និងល្បែងកម្សាន ដើម្បីជំរុញការហ្វឹកហាត់បញ្ចេញសំឡេង។ លក្ខណៈសម្បត្តិ រួមមាន៖ ការកំណត់បញ្ហាបានត្រឹមត្រូវ ការប្រើប្រាស់វិធីសាស្ដ្របច្ចេកទេសសមស្រប និងនវានុវត្តន៍ ព្រមទាំងចំណុចល្អៗជាច្រើនទៀត ជាមូលហេតុនាំឱ្យគណៈមេប្រយោគវាយតម្លៃខ្ពស់លើគម្រោងនេះ។ ក្រោយជាប់ជ័យលាភីលេខ២ យុវជនកម្ពុជាទាំងពីររូប បានទទួលពានរង្វាន់ពី លោក ថាមម៉ាន សានមូហ្ការ៉ាតណាំ (Tharman Shanmugaratnam) ប្រធានាធិបតីនៃប្រទេសសិង្ហបុរី និងបានថតរូបអនុស្សាវរីយ៍ជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងបណ្ដារដ្ឋមន្ត្រីឌីជីថលអាស៊ានផងដែរ។ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍កម្ពុជា បានជូនពរ និងបង្ហាញក្ដីសង្ឃឹមថា សូមយុវជនទាំងពីររូប នឹងបន្តលូតលាស់លើផ្នែកបញ្ញាសិប្បនិម្មិតនេះ ដើម្បីគាំទ្រការចាប់យកបញ្ញាសិប្បនិម្មិត និងបរិវត្តកម្មឌីជីថលនៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត