
ក្រុងកែប៖ ក្រសួងបរិស្ថាន នឹងរៀបចំទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ «អនុវត្តសកម្មភាពជាតិ ដើម្បីសម្រេចលទ្ធផលសកល (Acting Locally for Global Impact)» នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការជ្រោះតាសៀម នៃឧទ្យានជាតិកែប នាភូមិកែប…។

មន្រ្តីក្រសួងបរិស្ថានគូសបញ្ជាក់ថា ទិវាជីវៈចម្រុះអន្តរជាតិ មានអ្នកចូលរួមពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ-អន្តរជាតិ ដៃគូអភិឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន សហគមន៍ និងសិស្សានុសិស្ស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័ន អង្គការដៃគូជាតិ-អន្តរជាតិ និងបណ្តាអ្នកពាក់ព័ន្ធសរុបចំនួន៥០០នាក់។ ការប្រារព្ធនេះ ក្នុងគោលបំណងបង្កើនកិច្ចសហការរវាងរដ្ឋាភិបាល អង្គការដៃគូ និងសហគមន៍, ជំរុញការចូលរួមរបស់សហគមន៍មូលដ្ឋាន និងយុវជនលើការងារអភិរក្ស, លើកកម្ពស់ការយល់ដឹងសាធារណៈ អំពីសារសំខាន់នៃជីវៈចម្រុះ, បង្ហាញ និងលើកកម្ពស់សកម្មភាពមូលដ្ឋានក្នុងការអភិរក្សជីវៈចម្រុះ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះជាតិ (NBSAP)។ គួរជ្រាបថា ទិវាជីវៈចម្រុះអន្តរជាតិ (International Day for Biological Diversity) ត្រូវបានអង្គការសហប្រជាជាតិ កំណត់យកថ្ងៃទី២២ ខែឧសភា ជាទៀងទាត់រៀងរាល់ឆ្នាំ។ ទិវានេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសកលអំពីសារសំខាន់នៃជីវៈចម្រុះ ដែលជាគ្រឹះទ្រទ្រង់គ្រប់ទម្រង់ជីវិតនៅលើផែនដី៕





