
រាជធានីភ្នំពេញ៖ ប្រទេសហូឡង់ និងកម្ពុជា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដោយផ្តោតសំខាន់លើវិស័យជាច្រើនឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ក្នុងនោះរួមទាំងលើការបណ្ដុះបណ្ដាលអ្នកការទូតផងដែរ។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានគូសបញ្ជាក់ជាផ្លូវការក្នុងជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Remco Johannes van Wijngaarden ឯកអគ្គរាជទូតហូឡង់ប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦..។

លោកឯកអគ្គរាជទូតហូឡង់ សម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដែលកំពុងមានការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ ជាពិសេស ការរីកចម្រើនលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកគូសរំលេចពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើង រហូតដល់ជាង១ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។ ក្នុងន័យនេះ លោកទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនហូឡង់ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។

ជាការឆ្លើយតប សម្ដេចធិបតី សម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ លោកឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើនលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។សម្ដេចធិបតី គូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អនាពេលបច្ចុប្បន្ននឹងជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួត ស្របពេលដែលប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងវិស័យជាច្រើនទៀត ដែលអាចពង្រីកការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត។

ភាគីទាំងពីរ បានបន្តពិភាក្សាគ្នាអំពីការជំរុញការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ធុរកិច្ច និងការវិនិយោគនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដោយបានឯកភាពជំរុញការតភ្ជាប់ រវាងវិស័យឯកជន និងឯកជន(B2B) តាមរយៈការរៀបចំទស្សនកិច្ចធុរកិច្ច និងពិពណ៌ពាណិជ្ជកម្មនានា ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា៖«ភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ មិនត្រឹមតែជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកកម្ពុជាផងដែរ»។

ក្នុងឱកាសនោះដែរ សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែន កម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ត្រង់ចំណុចនេះ លោកឯកអគ្គរាជទូត អរគុណកម្ពុជា ដែលតែងតែគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ ព្រមទាំងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់នាពេលកន្លងមក។ លោកបន្ថែមថា ហូឡង់ ក៏ដូចជាសហភាពអឺរ៉ុបគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ និងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកតាមច្បាប់។ ក្រៅតែពីកិច្ចសន្ទនាសំខាន់ៗទាំងនេះ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការតំបន់ ដោយបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ៕



