តម្រួតថៃ ចាប់ជនជាតិចិន៥នាក់ជំរិតទារលុយនៅខេត្តស្រះកែវ ស្ថានទូតចិននៅបាងកកបង្គាប់ឱ្យស៊ើបអង្កេតបន្ទាន់ និងមានតម្លាភាព
N
Nary Vann
11 ម៉ោងមុន

រាជធានីបាងកក៖ រឿងរ៉ាវដ៏អាម៉ាសមួយបានផ្ទុះឡើងផ្អើលពេញព្រំដែនកម្ពុជា-ថៃ ដោយអាជ្ញាធររដ្ឋធានីប៉េកាំងបានចេញមុខឆ្កឹះសួរ និងបង្គាប់ឱ្យរាជរដ្ឋាភិបាលថៃ បើកការស៊ើបអង្កេតដោយតម្លាភាពបំផុត ជុំវិញមន្ត្រីប៉ូលិសថៃ៥នាក់ និងជនស៊ីវិលម្នាក់ នៅខេត្តស្រះកែវ (ជាប់ព្រំដែនកម្ពុជា) ចាប់ជំរិត និងគំរាមទារប្រាក់ពីជនជាតិចិនចំនួន៥នាក់ ដោយក្នុងម្នាក់ៗតម្រូវឱ្យបង់ប្រាក់ចំនួន១ម៉ឺនដុល្លារអាម៉េរិក (ប្រហែល៣សែនបាត) ជាថ្នូរនឹងការដោះលែង។ ករណីនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រូបភាព «ដែនដីទេសចរណ៍សុវត្ថិភាព» ដែលថៃតែងតែខំប្រឹងប្រកាសក្តែងៗ ដើម្បីអូសទាញភ្ញៀវចិនឱ្យចូលស្រុកខ្លួន...។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះជាជនជាតិចិនទាំង៥នាក់នោះ ត្រូវបានក្រុមប៉ូលិសខិលខូចថៃទាំង៥នាក់ស្ទាក់ចាប់វាយខ្នោះ និងឃុំខ្លួននៅក្នុងផ្ទះមួយកន្លែង កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅ តាំងពីម៉ោង២ទៀបភ្លឺ។ ក្នុងនោះមានជនរងគ្រោះ២នាក់ បានព្រមផ្ទេរប្រាក់ម្នាក់២០០០ដុល្លារទៅឱ្យក្រុមជម្រិតរួចរាល់ហើយ មុនពេលប៉ូលិសទៅជួយសង្គ្រោះ។ ក្រុមអ្នកស៊ើបអង្កេតបានបង្ហើបថា មន្ត្រីប៉ូលិសដែលជាជនសង្ស័យទាំងនោះ ដំបូងឡើយបានឃាត់ខ្លួនជនជាតិចិនទាំងនោះពីបទលួចចូលប្រទេសថៃខុសច្បាប់ ប៉ុន្តែជំនួសឱ្យការអនុវត្តតាមផ្លូវច្បាប់ ពួកគេបែរជាគំរាមទារប្រាក់ទៅវិញ ទោះជាយ៉ាងណា ជនសង្ស័យទាំងអស់បានបដិសេធរាល់ការចោទប្រកាន់។ ភ្លាមៗបន្ទាប់ពីព័តមាននេះ បែកធ្លាយ ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញសេចក្ដីថ្លែងការណ៍ដ៏មានទម្ងន់មួយ ជំរុញឱ្យសមត្ថកិច្ចថៃស្វែងរកការពិតឱ្យបានឆាប់រហ័ស វែកមុខអ្នកពាក់ព័ន្ធទាំងអស់យកមកផ្តន្ទាទោសតាមច្បាប់ និងបានបង្ហាញក្ដីសង្ឃឹមថា ប្រទេសថៃនឹងពង្រឹងវិធានការសន្តិសុខសាធារណៈឱ្យកាន់តែខ្លាំង ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ និងសិទ្ធិស្របច្បាប់របស់ជនជាតិចិន ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ព្រោះវាមិនមែនជាលើកទីមួយទេ ដែលជនជាតិចិនក្លាយជាគោលដៅ សម្រាប់មន្ត្រីខិលខូចថៃមួយចំនួននោះ។

ទោះបីជាអាជ្ញាធរជាន់ខ្ពស់ថៃ បានប្រញាប់ប្រញាល់ចេញមុខមកប្រកាសចាប់ខ្លួនប៉ូលិសទាំង៥នាក់នោះ ដើម្បីកាត់បន្ថយកម្តៅក៏ដោយ ប៉ុន្តែឥទ្ធិពលនៃ«ព័ត៌មានអវិជ្ជមាន» នេះ បានរីករាលដាលពេញបណ្តាញសង្គមចិនទៅហើយ ដែលអាចធ្វើឱ្យអ្នកទេសចរ និងវិនិយោគិនចិនរារែកចិត្តលែងហ៊ានជាន់ដីថៃ ហើយងាកមករកប្រទេសជិតខាងដែលមានសុវត្ថិភាពជាងវិញ។ វិបត្តិអាស្រូវជម្រិតទារប្រាក់នៅខេត្តស្រះកែវនេះ គឺជាមេរៀនដ៏ជូរចត់មួយសម្រាប់អាជ្ញាធរថៃក្នុងការសម្អាតផ្ទះខ្លួនឯង បើមិនចង់បាត់បង់ចំណូលរាប់លានដុល្លារពីទីផ្សារចិន។ ខណៈប្រទេសចិនកំពុងតាមដានមើលរាល់ជំហាននៃការស៊ើបអង្កេតរបស់ថៃ វាក៏ជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីសន្តិសុខ និងភាពកក់ក្ដៅ ដើម្បីទាក់ទាញរំហូរភ្ញៀវទេសចរចិនដែលកំពុងភ័យខ្លាចការធ្វើដំណើរទៅប្រទេសថៃផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត