
រដ្ឋធានីប៉េកាំង៖ នៅក្នុងពិភពការទូត រាល់កាយវិការ រាល់ស្នាមញញឹម ឬសូម្បីតែសម្លៀកបំពាក់ សុទ្ធតែជាសារនយោបាយដែលមានតម្លៃបំផុត។ នៅថ្ងៃពុធទី២០ ខែឧសភា ឆ្នាំ២០២៦ ពិភពលោកបានឃើញយ៉ាងច្បាស់នូវភាសាកាយវិការដ៏មុតស្រួច ដែលរដ្ឋធានីប៉េកាំងផ្ញើទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន តាមរយៈការរៀបចំពិធីទទួលបដិសណ្ឋារកិច្ចខុសគ្នាដាច់ស្រឡះរវាងមេដឹកនាំរុស្ស៊ី និងអាម៉េរិក។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋធានីប៉េកាំង កើតឡើងភ្លាមៗត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ទើបតែហោះចាកចេញទៅ។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត គឺកម្រិតនៃភាពស្និទ្ធស្នាលដែលលោក ស៊ី ជីនពីង បានផ្តល់ឱ្យបុរសទាំង២។ គេនៅចាំបានថា នៅពេល លោក ដូណាល់ ត្រាំ ទៅដល់ប៉េកាំង ចិនបានរៀបចំការដើរកម្សាន្តក្នុងសួនសម្ងាត់ និងពិសាតែនៅឯវិមានចុងណានហៃ (Zhongnanhai)។ យ៉ាងណា អ្នកជំនាញបានកត់សម្គាល់ថា ជំនួបនោះមើលទៅមានលក្ខណៈរៀបចំឡើងតាមឆាកនយោបាយច្បាស់លាស់ និងតាមបែបផ្លូវការពេក។ អ្នកជំនាញបានកត់សម្គាល់ថា វាជាការទទួលភ្ញៀវតាមក្បួនខ្នាត ប៉ុន្តែគ្មានដួងព្រលឹងនៅក្នុងនោះឡើយ។

ផ្ទុយទៅវិញ លោក វ្ល៉ាឌីមៀ ពូទីន ឈានជើងជាន់ទឹកដីប៉េកាំង ភាពស្និទ្ធស្នាលកម្រិតកំពូលបានកើតឡើង។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទទួលស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយកងទ័ពកិត្តិយស និងការបាញ់កាំភ្លើងធំបង្ហាញការគោរពនៅឯមហាសាលប្រជាជន ខណៈកុមារតូចៗជាច្រើនបានឈរបក់ទង់ជាតិចិន និងរុស្ស៊ីរវិចៗ។ បន្ថែមពីលើកិច្ចពិភាក្សាផ្លូវការ មេដឹកនាំទាំង២ក៏ត្រូវបានគេរំពឹងថា នឹងមានជំនួបពិភាក្សាគ្នាយ៉ាងជិតស្និទ្ធតាមរយៈការពិសាតែផងដែរ។ ក្នុងពិភពការទូតចិន ការពិសាតែបែបនេះ គឺជាសញ្ញាបង្ហាញថា «អ្នកមិនមែនជាភ្ញៀវធម្មតាទេ តែអ្នកគឺជាបងប្អូនដ៏ស្មោះស្ម័គ្រ»។ រុស្ស៊ី ក៏បានត្រៀមចុះហត្ថលេខាលើឯកសាររហូតដល់៤០ច្បាប់ និងចេញសេចក្តីថ្លែងការណ៍រួមគ្នាកម្រាស់៤៧ទំព័រ ដើម្បីពង្រឹងសម្ព័ន្ធភាព។ លើសពីនេះ លោក ពូទីន ថែមទាំងបានប្រើឱកាសនេះបង្អួតសហរដ្ឋអាម៉េរិកថា ទោះបីជាមានវិបត្តិថាមពលនៅមជ្ឈិមបូព៌ា ក៏រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ថាមពលដ៏មានស្ថិរភាព និងជាខ្នងបង្អែកដ៏ធំរបស់ចិនដដែល។

យោងតាមខ្លឹមសារផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួ លោក ស៊ី បានអះអាងថា ប្រទេសទាំង២គួរតែផ្តោតលើជម្រៅយុទ្ធសាស្ត្ររយៈពេលវែង និងលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងសកលលោកមួយដែលមានភាពយុត្តិធម៌ និងសមហេតុផលជាងមុន។ «មូលហេតុដែលទំនាក់ទំនងចិន-រុស្ស៊ី ឈានដល់កម្រិតនេះ គឺដោយសារតែយើងអាចពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ» នេះបើតាមខ្លឹមសារលោក ស៊ី ថ្លែងនៅដើមជំនួបជាមួយលោក ពូទីន។

ចំណែកឯលោក ពូទីន បានលើកឡើងថា ទំនាក់ទំនងរបស់ពួកគេកំពុងជួយធានាដល់ស្ថិរភាពសកលលោក ហើយរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ថាមពលដ៏គួរឱ្យទុកចិត្ត ចំពេលមានការរំខាននៃវិបត្តិនៅតំបន់មជ្ឈិមបូព៌ា។ លោក ពូទីន បានបន្ថែមថា៖«ទោះបីជាស្ថិតក្នុងស្ថានភាព ដែលមានកត្តាខាងក្រៅមិនអំណោយផលក៏ដោយ ក៏កិច្ចសហប្រតិបត្តិការ និងចំណងសេដ្ឋកិច្ចរបស់យើងនៅតែបន្តបង្ហាញពីសន្ទុះដ៏ល្អ»។ ជាមួយគ្នានោះ លោកក៏បានអញ្ជើញលោក ស៊ី ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី នាឆ្នាំក្រោយផងដែរ៕


