
សុខភាព៖ ស្បែកឡើងខ្មៅនៅជុំវិញបបូរមាត់ អាចបណ្ដាលមកពីមូលហេតុមួយចំនួនដូចជា អតុល្យភាពអ័រម៉ូន ការឡើងជាតិពណ៌នៃស្បែក និងការបំផ្លាញដោយកម្ដៅថ្ងៃ។ ដើម្បីបំបាត់បញ្ហានេះ លោកអ្នកអាចសាករូបមន្តធម្មជាតិទាំង៣ដែល SBM News បានរៀបរាប់ដូចខាងក្រោម..។

១.ខ្ទឹមបារាំង៖ ទឹកខ្ទឹមបារាំង ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចជួយឱ្យស្បែកភ្លឺថ្លា។ ម្យ៉ាងទៀត ទឹកខ្ទឹមបារាំងអាចជួយឱ្យកោសិកាស្បែកមានសុខភាពល្អ និងកាត់បន្ថយបញ្ហាភាពចាស់នៃស្បែក។ វិធីធ្វើ៖ កិនយកទឹកខ្ទឹមបារាំងស្រស់ក្នុងបរិមាណតិចល្មមរួចលាយជាមួយទឹកបន្តិច ហើយលាបទៅលើបរិវេណដែលខ្មៅ រួចលាងចេញដោយទឹកធម្មតាជាការស្រេច។ ២.ក្រូចឆ្មារ និងត្រសក់៖ ក្រូចឆ្មារអាចជួយបង្កើនជាតិខូទ្បាជែន និងជួយកម្ចាត់ជាតិពណ៌នៃស្បែកបានយ៉ាងល្អ។ វិធីធ្វើ៖ ក្រូចឆ្មារមួយចំណិត មកត្រដុសនៅលើកន្លែងដែលខ្មៅនៅជុំវិញបបូរមាត់ ចំនួន១០ទៅ១៥នាទី រួចលាងជម្រះចេញ។

មួយវិញទៀត អាចលាយជាមួយទឹកឃ្មុំបន្តិច ហើយលាបនៅកន្លែងដែលមានបញ្ហាខ្មៅ ដោយទុកចោលមួយយប់ រួចលាងជម្រះចេញនៅពេលព្រឹក។ រូបមន្តនេះ មានប្រសិទ្ធភាពចំពោះអ្នកដែលមានស្បែកស្ងួត និងស្ងួតខ្លាំង។ លើសពីនេះ ក៏អាចកិនត្រសក់ជាមួយទឹកក្រូចឆ្មារ ដើម្បីយកមកលាបលើស្នាមខ្មៅនៅត្រង់បបូរមាត់បានដូចគ្នា។ ៣.ដំឡូងបារាំង៖ ដំឡូងបារាំង ជាប្រភពនៃវីតាមីន និងជាតិរ៉ែ ដែលល្អឥតខ្ចោះក្នុងការជួយកាត់បន្ថយស្លាកស្នាម មុន ស្នាមអុជខ្មៅ និងជាតិពណ៌នៃស្បែក។វិធីធ្វើ៖ អាចកិនដំឡូងបារាំង ឬយកដំឡូងបារាំងមួយចំណិត មកម៉ាស្សានៅលើបរិវេណស្នាមខ្មៅ ដោយទុកចោលរយៈពេល២០នាទី រួចលាងជម្រះចេញ៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ



