
សុខភាព៖ អាកាសធាតុប្រែប្រួល អាចមានជាប់ស្លេស្មនៅក្នុងបំពង់ក។ ស្លេស្មមិនត្រឹមតែធ្វើឱ្យមានភាពមិនសុខស្រួលនៅបំពង់កនោះទេ ថែមទាំងអាចបណ្ដាលឱ្យមានក្លិនមាត់មិនល្អផងដែរ។ ខាងក្រោមនេះ ជាវិធីងាយៗចំនួន៦ជួយដោះស្រាយបញ្ហា ស្លេស្មចេញពីបំពង់ក...។

១.ពិសាទឹកឱ្យបានច្រើន៖ នៅពេលថ្ងៃលោកអ្នកគួរទទួលទានទឹកឱ្យបានច្រើន ព្រោះអាចធ្វើឱ្យស្លេស្មងាយដាច់ចេញពីជញ្ជាំងបំពង់ក។ លើសពីនេះ តែក្ដៅឧណ្ណៗលាយជាមួយទឹកឃ្មុំ និងក្រូចឆ្មារ ក៏ជួយបានដែរដោយសារជាតិអាស៊ីដនៅក្នុងក្រូចឆ្មារ ជួយសម្អាតស្លេស្ម រីឯទឹកឃ្មុំមានតួនាទីជាភ្នាសការពារក្រោយការសម្អាតចេញរបស់ក្រូចឆ្មារ។ មួយទៀត អ្នកដែលមានស្លេស្មច្រើនគួរទទួលទានទឹកសម្ល ស៊ុបក្ដៅៗ ដូចជាស៊ុបមាន់ជាដើម។ ២.កុំទទួលទានសណ្ដែក៖ ផលិតផលធ្វើពីសណ្ដែកសៀងដូចជា ទឹកសណ្ដែកតាំប៉េ និងតៅហ៊ូ គឺសុទ្ធតែសម្បូរទៅដោយប្រូតេអ៊ីន និងកាល់ស្យូមជួយដល់ការវិវត្តន៍ និងលូតលាស់នៅក្នុងរាងកាយ។ មួយវិញទៀត អាចបង្កើនភាពកខ្វក់នៃស្លេស្មថែមទៀត។

៣.ទទួលអាហារហិរ៖ ការពិសាអាហារដែលមានជាតិហិរ ក៏អាចកម្ចាត់ស្លេស្មបានដែរ ដូចជា ម្រេច ខ្ញី ខ្ទឹម វ៉ាសាប៊ិ មើម Horseradish (គ្រឿងទេសម្យ៉ាងដូចរំដេង មានពណ៌ស)។ ៤.ខាក៖ ប្រសិនបើលោកអ្នកមានស្លេស្មជាប់ក្នុងបំពង់ក វិធីដែលងាយស្រួលបំផុតសម្រាប់ធ្វើនោះគឺ ខាកស្ដោះវាចេញ។ ស្វែងរកកន្លែងស្ងប់ស្ងាត់ដែលមិនប៉ះពាល់ដល់អ្នកដទៃដូចជា បន្ទប់ទឹកដើម្បីខាកស្លេស្មចេញ។ តែកុំប្រឹងខាកឬញឹកពេក ដោយសារការខាកស្ដោះខ្លាំងពេក អាចធ្វើឱ្យប៉ះពាល់ដល់បំពង់ក។ ម្យ៉ាងទៀតលោកអ្នកគួរគេងឱ្យបានគ្រប់គ្រាន់ ព្រោះវាក៏មានសារសំខាន់ផងដែរ ដើម្បីឆាប់អស់ស្លេស្ម។

៥.ខ្ពុរទឹកក្ដៅឧណ្ណៗលាយអំបិល៖ លាយអំបិល១មួយស្លាបព្រាបាយ ជាមួយទឹកក្ដៅឧណ្ណៗប្រហែល២៣៧មិល្លីលិត្រ។បន្ទាប់មកបៀមទឹកអំបិលនោះក្នុងមាត់ ដោយងើយក្បាលឡើងលើ និងខ្ពុរទឹកក្នុងបំពង់ក។ ៦.ផឹកទឹកលាយម្សៅរមៀត៖ រមៀតមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ស្លេស្ម ព្រោះដោយសារតួនាទីរបស់វា គឺកម្ចាត់សម្អាតមេរោគ។វិធីធ្វើ៖ លាយម្សៅរមៀត មួយស្លាបព្រាបាយជាមួយទឹកក្ដៅ ប្រហែល២៣៧មិល្លីលីត្រ រួចលាយឱ្យសព្វបន្ទាប់មកពិសា។ ការពិសាទឹករមៀតញឹកញាប់ នឹងជួយឱ្យលោកអ្នកឆាប់ជាកាន់តែលឿន។ សូមជម្រាបថា វិធីព្យាបាលខាងលើនេះធ្វើមុនប្រើឱសថដែលមានវេជ្ជបញ្ជា។ បើមានមន្ទិលសង្ស័យកុំនៅយូរគួរប្រញាប់ទៅមន្ទីរ៕ អត្ថបទពី៖ Hello គ្រូពេទ្យ



