
ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាបានអះអាងនៅថ្ងៃទី២៦ ខែកុម្ភៈថា មានអតីតនិស្សិតចំនួន២៣នាក់ដែលកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេក្នុងប្រទេសអ៊ុយក្រែន។ បើតាម ឯកឧត្តម ជុំ សុន្ទរី បច្ចុប្បន្នស្ថានទូតកម្ពុជាកំពុងតែខិតខំទាក់ទងទៅពួកគេដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគេនៅទីនោះ។
ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា ពុំមានស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអ៊ុយក្រែនឡើយ ហើយក៏គ្មានពលរដ្ឋ និងនិស្សិតដែលកំពុងរស់នៅ ឬសិក្សានៅទីនោះឡើយ។ ប៉ុន្តែមានតែអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សរ៍ទី៨០ និង ដើមទស្សវត្សរ៍ទី៩០ ចំនួន២៣នាក់ដែលកំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែនជាមួយគ្រួសាររបស់ពួកគេ។

«ដោយយើងពុំមានស្ថានទូតប្រចាំនៅប្រទេសអ៊ុយក្រែន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យស្ថានទូតកម្ពុជាប្រចាំនៅរុស្សីស្វែងរកព័ត៌មាន ថាតើមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែន ឬទេ? ហើយប្រសិនបើមាន សូមឱ្យយកចិត្តទុកដាក់អំពីករណីសុវត្ថិភាពរបស់ពួកគេ ហើយរាយការណ៍ជូនក្រសួងបានទាន់ពេលវេលា ដើម្បីមានវិធានការ។ នេះជាការរៀបរាប់របស់ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់បន្ថែមនារសៀលថ្ងៃទី២៦ ខែកុម្ភៈ ថាខាងកម្ពុជាបានជួបសន្ទនាតាមប្រព័ន្ធតេឡេក្រាមទៅពលរដ្ឋខ្មែរម្នាក់ដែលកំពុងតែរស់នៅប្រទេសអ៊ុយក្រែន។ បើតាម ឯកឧត្តម ជុំ សុន្ទរី បច្ចុប្បន្នពួកគាត់ទាំងអស់គ្នាមានទំនាក់ទំនងជាមួយគ្នាជាប់ជាប្រចាំតាមក្រុមតេលេក្រាម។
ឯកឧត្តម ជុំ សុន្ទរីបានអះអាងថា ការវាយប្រយុទ្ធគ្នានៅមិនទាន់រាលដាលដល់តំបន់ដែលពួកគាត់រស់នៅនៅឡើយទេ។ ឯកឧត្តមបានថ្លែងដូច្នេះថា៖«ថ្វីដ្បិតចាប់ផ្តើមជួបការលំបាកខ្លះៗ ក្នុងជីវភាព រស់នៅ ជាពិសេស សម្រាប់តំបន់ Kyiv ។ ប៉ុន្តែពួកគេទាំងអស់គ្នានោះមានសុវត្ថិភាពជាធម្មតាទេ ទន្ទឹមនឹងនោះក៏មានការព្រួយបារម្ភចំពោះអនាគតទៅមុខ»។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងបន្តទាក់ទងទៅអតីតនិស្សិតកម្ពុជាទាំង២៣រូប រួមទាំងក្រុមគ្រួសាររបស់ពួកគេដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពជាក់លាក់របស់ពួកគាត់។
គូសបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែកុម្ភៈ រុស្ស៊ីបានបើកប្រតិបត្តិការឈ្លានពាន ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកលើអ៊ុយក្រែន ក្រោយការប្រកាសសង្គ្រាមពីសំណាក់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ។ មនុស្សយ៉ាងហោច ១០ម៉ឺននាក់ បានរត់គេចពីមីស៊ីលប្លោង និងគ្រាប់កាំភ្លើងពីលើអាកាស។ មនុស្សជាង ១៣០នាក់ ត្រូវបានសម្លាប់ក្នុងថ្ងៃដំបូងនៃការឈ្លានពាននេះ៕


