
រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យប្រជាជនកម្ពុជា និងនិស្សិតដែលកំពុងសិក្សា និងត្រៀមចេញទៅសិក្សានៅបរទេស សូមចូលរួមជួយផ្សព្វផ្សាយព័ត៌មានពិត ហើយជួយប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា…។

ថ្លែងក្នុងពេលសំណេះសំណាលជាមួយនិស្សិតចំនួន៨០នាក់ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ, ចិន, ឆែក, ជប៉ុន, បារាំង, និងអៀរឡង់ កាលពីថ្ងៃទី៦សីហា ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងទេសចរណ៍គូសបញ្ជាក់ថា ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់ ឬ និស្សិតម្នាក់ គឺជាទូតសុឆន្ទៈតំណាងឱ្យប្រទេសកម្ពុជាក្នុងការបង្ហាញពីវប្បធម៌, បេតិកភណ្ឌ, ប្រពៃណីទំនៀមទម្លាប់,គោលដៅទេសចរណ៍, ស្ថានភាពនយោបាយ, សង្គម, និងសេដ្ឋកិច្ចពិតរបស់ប្រទេសកម្ពុជាឱ្យប្រជាជនក្នុងប្រទេសដែលខ្លួនស្នាក់នៅ និងរៀនសូត្រ ព្រមទាំងដល់មិត្តភក្តិពីប្រទេសដទៃទៀតក្នុងពិភពលោក បានយល់ដឹងពីប្រទេសកម្ពុជា។ ជាពិសេស «សួមជួយចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្ខូចបង្កាច់ពីប្រទេសកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា»។

ទន្ទឹមគ្នា លោក ហួត ហាក់ បានផ្ដាំផ្ញើដល់និស្សិតដែលត្រៀមចាកចេញពីប្រទេសកម្ពុជាទាំងអស់ សូមទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសដែលខ្លួនកំពុងរស់នៅ និងសិក្សា ក្នុងករណីមានសំណូមពរ ឬ ជួបបញ្ហាត្រូវការជំនួយ។ លោកបន្តជំរុញលើកទឹកចិត្តដល់និស្សិត ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ សូមយកនូវចំណេះដឹង និងបទពិសោធល្អៗតាមជំនាញរៀងខ្លួនដែលទទួលបានពីបរទេសមកប្រើប្រាស់ និងចែករំលែកបន្តដល់យុវជន យុវនារីជំនាន់ក្រោយដើម្បីចូលរួមអភិវឌ្ឍប្រទេស៕




