ឃើញពលរដ្ឋខ្មែរកំពុងពហិការផលិតផលថៃ! ម្ចាស់ម៉ាតមួយកន្លែងនៅកូរ៉េ បែរជាយកស្លាកយីហោខ្មែរ«រំដួល»បិតលើផ្លែស្វាយថៃ
អុន សម្ផស្ស
42 នាទីមុន

រាជធានីភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ រកឃើញម៉ាតកូរ៉េមួយកន្លែដាក់លក់ផ្លែស្វាយថៃ បិតស្លាកបន្លំជាផលិតផលខ្មែរយីហោ Romdoul «រំដួល»។ ការចុះពិនិត្យនេះ ធ្វើឡើងក្រោយមានការបង្ហោះសារជជែកវែកញែកពាក់ព័ន្ធនឹងប្រភពរបស់ផ្លែស្វាយដែលមានម៉ាកយីហោ «រំដួល» និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ប្រភពដើម«ជាទំនិញរបស់កម្ពុជា» នៅលើផលិតផលថៃ លក់នៅទីផ្សារក្នុងប្រទេសកូរ៉េ...។ 

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះថា ពាក់ព័ន្ធនឹងករណីប្រើប្រាស់ស្លាកសញ្ញាបន្លំប្រភពដើមផលិតផលនេះ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតបានចុះស្រាវជ្រាវ និងបានទៅដល់ទីតាំងម៉ាត ខណៈម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមកពិតជាមានការច្រឡំបិតស្លាកសញ្ញាថា ជាផលិតផលរបស់ប្រទេសកម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន ប៉ុន្តែពួកគេបានកែតម្រូវរួចរាល់ហើយ។ ក្រោយរកឃើញអនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជា បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាតឱ្យមានការប្រុងប្រយ័ត្ន និងជៀសវាងការក្លែងបន្លំប្រភពដើម ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។ 

ក្នុងពេលជាមួយគ្នា ស្ថានទូតកម្ពុជា អំពាវនាវដល់អ្នកលក់ និងអ្នកចែកចាយទំនិញនានា ជៀសវាងការក្លែងបន្លំប្រភពដើមនៃទំនិញ ជាពិសេស ការបន្លំជាផលិតផលរបស់កម្ពុជា ដែលអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន។ ទន្ទឹមនេះ ក្នុងករណីសាធារណជនមានមន្ទិលសង្ស័យ ឬជួបប្រទះការក្លែងបន្លំប្រភពដើមនៃទំនិញថាជាផលិតផលរបស់កម្ពុជា សាធារណជនអាចរាយការណ៍មកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត ឬលេខទូរសព្ទ ដោយភ្ជាប់រូបភាពអាសយដ្ឋានហាងលក់ទំនិញ និងលេខទូរសព្ទហាងលក់ទំនិញ ដើម្បីស្ថានឯកអគ្គរាជទូតមានវិធានការបន្ត។

គួរជ្រាបថា Romdoul (រំដួល) គឺម៉ាកយីហោផ្លែស្វាយមានប្រភពដើមពីកម្ពុជា១០០ភាគរយ កំពុងដាក់លក់នៅលើទីផ្សារកូរ៉េ។ ផ្លែស្វាយមានប្រភពដើមពីកម្ពុជា១០០ភាគរយនេះ ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ Hyundai Corporation របស់សាធារណរដ្ឋកូរ៉េ ដែលបានបោះទុនវិនិយោគនៅប្រទេសកម្ពុជា៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត