សូមប្រុងប្រយ័ត្ន! ក្រសួងរំឭកអ្នកប្រើប្រាប់រថយន្តអគ្គិសនីពី«វិធានការបញ្ចៀសហានិភ័យពិសេស ក្នុងរដូវវស្សា»
អុន សម្ផស្ស
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ស្របពេលការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសផលិត និងនាំចូលលក់លើទីផ្សារ បញ្ជ្រាបវិធានការសុវត្ថិភាពបឋមដល់អ្នកប្រើប្រាស់...។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា បច្ចុប្បន្ន អ្នកប្រើយានយន្តអគ្គិសនីមួយចំនួននៅកម្ពុជា មានការយល់ដឹងពីស្ដង់ដារសុវត្ថិភាពនៃការប្រើប្រាស់មានកម្រិត ដែលអាចបង្កហានិភ័យដល់សុវត្ថិភាព អ្នកបើកបរ អ្នករួមដំណើរ អ្នកដំណើរតាមផ្លូវសាធារណៈ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ បរិស្ថាន និងសង្គម។ ហេតុនេះ ដើម្បីការពារ ទប់ស្កាត់ និងបញ្ចៀសបាននូវហានិភ័យដែលអាចកើតមានឡើងជាយថាហេតុ ក្រសួងណែនាំ ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិតនាំចូល និងចរាចរលក់យានយន្តអគ្គិសនីគ្រប់ប្រភេទ រៀបចំគោលការណ៍ណែនាំអំពីសុវត្ថិភាពបឋមជាភាសាខ្មែរដោយភ្ជាប់រូបភាព នៃការប្រើប្រាស់យានយន្តអគ្គិសនីគ្រប់ប្រភេទ មុននឹងចរាចរលក់នៅលើទីផ្សារ។

ក្នុងន័យនេះ ក្រសួងណែនាំងឱ្យភាគីពាក់ព័ន្ធ បង្កើតជាវីដេអូខ្លីៗ ស្ដីគោលការណ៍ណែនាំអំពីសុវត្ថិភាពបឋម ផ្តោតលើការដោះស្រាយករណី គាំងប្រព័ន្ធយានយន្តដែលមិនអាចបើកទ្វារឬបង្អួចបាន, ការឆេះ ឬផ្ទុះអាគុយនៅពេលប៉ះទង្គិច, ការឡើងកម្តៅអាគុយនៅពេលបញ្ចូលចរន្តអគ្គិសនី (អាគុយមិនសាកភ្លើង ឬប្រភពផ្គត់ផ្គង់ចរន្តអគ្គិសនីមានបន្ទុកទាប ឬខ្ពស់ជាងស្ដង់ដារកំណត់), ការប្រើប្រាស់ដុំសាកចរន្តអគ្គិសនីនៅតាមផ្ទះ តាមស្ថានីយនៅពេលអាគុយកំពុងមានកម្តៅខ្ពស់ និងនៅពេលកំពុងមានភ្លៀង, ការឆ្លងប្រព័ន្ធអគ្គិសនីនៅពេលបើកបរក្នុងរដូវវស្សា ឆ្លងកាត់ផ្លូវទឹកលិច និងកំពុងលាងយានយន្ត ។ល។ 

បន្ថែមលើនោះ ត្រូវបង្រៀន និងណែនាំដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនីពីសុវត្ថិភាពបឋម និងហានិភ័យ ដែលអាចកើតមានមុនលក់។ ក្នុងពេលជាមួយគ្នា គ្រប់យានយន្តអគ្គិសនីគ្រប់ប្រភេទត្រូវចុះបញ្ជីបញ្ជាក់ពីសុវត្ថិភាពស្របទៅតាមការតម្រូវនៃស្ដង់ដារកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេសតាមការណែនាំ ឬប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រៅពីនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវផ្តល់កិច្ចសហការដល់មន្ត្រីអធិការកិច្ចស្ដង់ដារកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត