
រាជធានីភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន កាលពីថ្ងៃទី១៩ឧសភា ឆ្នាំ២០២៦ សម្រាប់អនុវត្តគម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម...។

ពិធីនេះធ្វើឡើងក្រោមអធិតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក អ៊ូអ៊ីណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា ដោយបានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន១ ១៨៩ ០០០ ០០០យ៉េន (ឬប្រមាណ៨លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម។

ក្រោមជំនួយឥតសំណងនេះ វិទ្យាស្ថានគរុកោសល្យខេត្តកំពង់ចាម នឹងត្រូវបំពាក់ដោយសម្ភារបរិក្ខារ និងធនធានអប់រំចាំបាច់ ដែលនឹងចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធអប់រំ គ្រូបង្រៀន និងលើកកម្ពស់គុណភាពអប់រំកម្រិតមូលដ្ឋាន។ ជាមួយគ្នា ហិរញ្ញប្បទានឥតសំណងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុនក្នុងការលើកកម្ពស់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងធនធានមនុស្សកម្ពុជា ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕



