ទិវាជាតិនៃការចងចាំ! សម្ដេចធិបតីជំរុញឱ្យពលរដ្ឋរួមគ្នាការពារសន្តិភាព ជាមូលដ្ឋានកសាងប្រទេសឱ្យរីកចម្រើន
S
Soriya Sou
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ជា «ទិវាជាតិនៃការចងចាំ» លើកទី៩ ដែលត្រូវបានប្រារព្ធឡើងសម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩…។

ក្នុងឱកាសទិវាជាតិនៃការចងចាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០ឧសភា បានឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជារបបដ៏សាហាវឃោរឃៅ និងខ្មៅងងឹត។ សម្ដេចមានប្រសាស៍ថា ឆ្នាំ២០២៦ នេះជាលើកទី៩ នៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ហើយក៏ជាលើកទី៤៣ បើរាប់ចាប់ពីឆ្នាំ១៩៨៤ មក ដែលទិវានេះ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្ម និងលើកកម្ពស់ការយល់ដឹងពីអំពើឃោរឃៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់កុំឱ្យអំពើបែបនេះ កើតមានឡើងសាជាថ្មី។ ឆ្លងកាត់របបដ៏សាហាវនេះ ទើបយើងដឹងថា សន្តិភាពពិតជាមានតម្លៃណាស់។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើន ស្ថិរភាព និងសន្តិសុខ។

សម្ដេចធិបតី គូសបញ្ជាក់ថា សព្វថ្ងៃនេះ កម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាព មានស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍ។ សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល និងប្រជាជាតិទាំងមូល ក្នុងការថែរក្សាសន្តិភាព ការផ្សះផ្សាជាតិ និងការលើកកម្ពស់ស្មារតីសាមគ្គីភាពជាតិ។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ អំពើហិង្សា និងភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាកាន់តែយល់ច្បាស់ពីតម្លៃដ៏ថ្លៃថ្លានៃសន្តិភាព និងស្ថិរភាពនៅក្នុងសង្គម ហើយក៏ជាអ្វីដែលកម្ពុជាត្រូវចងចាំ និងយល់ដឹងឱ្យបានកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនិងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត