
រាជធានីភ្នំពេញ៖ ទោះបីសោកនាដកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (របបប្រល័យពូជសាសន៍ ប៉ុល ពត) បានកន្លងផុតទៅ ប៉ុន្តែយើងគ្រប់គ្នាមិនត្រូវបណ្ដោយ ឬបំភ្លេចអតីតកាលដ៏ជូរចត់នេះឡើយ។ ពលរដ្ឋគ្រប់រូប ត្រូវសិក្សាពីការឈឺចាប់នេះ ហើយរួមគ្នាទប់ស្កាត់កុំឱ្យរបបដ៏ឃោរឃៅកើតមានសាជាថ្មីម្ដងទៀតលើទឹកដីកម្ពុជា។ នេះជាប្រសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា...។

តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី គូសបញ្ជាក់ថា ឆ្នាំ២០២៥នេះ ជាលើកទី៨ នៃការប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា ហើយក៏ជាលើកទី៤២ បើរាប់ចាប់ពីឆ្នាំ១៩៨៤មក។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ បានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា និងបានហែលឆ្លងកាត់សមុទ្ទឈាម និងទឹកភ្នែក នៃការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ដោយខ្មែរក្រហមបានបំផ្លិចបំផ្លាញចោល ស្ទើរគ្មានសល់នូវខឿនសេដ្ឋកិច្ចជាតិ ខឿនវប្បធម៌ជាតិ និងធ្វើទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត។

សម្រតេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ឃាតកអាវខ្មៅ បានចាប់បង្ខំឱ្យធ្វើការដូចសត្វធាតុ គ្មានអាហារគ្រប់គ្រាន់ គ្មានការព្យាបាលត្រឹមត្រូវ ។ល។ យ៉ាងណា ជាង៣ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែលមិនធ្លាប់មានជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយ។ ទោះបីពេលនេះ រឿងរ៉ាវសោកនាដកម្មទាំងនេះបានកន្លងផុតទៅហើយក្ដី ប្រជាជនកម្ពុជាបាននិងកំពុងរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និងពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុន្តែយើងទាំងអស់គ្នាមិនត្រូវបណ្ដែតបណ្ដោយ ឬបំភ្លេចអតីតកាលដ៏ជូរចត់នេះឡើយ។

ប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋរំឭកនឹកចងចាំជានិច្ច និងរៀបចំការពិភាក្សានានា ដើម្បីស្វែងយល់ ផ្សព្វផ្សាយ និងរួមគ្នាបង្ការ និងទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃបែបនេះ រួមទាំងសង្គ្រាមកុំឱ្យកើតមានឡើងសាជាថ្មី នៅលើទឹកដីអង្គរដ៏បវរនៃយើង។ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះ កុំឱ្យកើតមានសាជាថ្មីនៅលើទឹកដីសុវណ្ណភូមិរបស់យើង។ សូមចូលរួមគាំទ្រ និងថែរក្សាសន្តិភាព ដើម្បីឱ្យសន្តិភាពនេះនៅស្ថិតស្ថេរ ចីរកាល ដើម្បីបង្កបរិយាកាសដ៏ល្អឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀត សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជំនាន់ក្រោយ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

សូមជម្រាបថា «ទិវាជាតិនៃការចងចាំ» ជាការរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះប្រមាណជាង១,៧លាននាក់ ដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ចន្លោះពីថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦មករា ឆ្នាំ១៩៧៩។ ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គមរបស់ជនរងគ្រោះ និងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី៕



