
នៅថ្ងៃទី ២០ខែឧសភានេះ គឺជាទិវាជាតិនៃការចងចាំពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងឱកាសទិវានេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានផ្ញើសារចូលរួមរំឭកភាពឈឺចាប់នៃសង្គ្រាម និងបានអំពាវនាវឱ្យប្រជាជនខ្មែរ ត្រូវចូលរួមថែរក្សាការពារសន្តិភាព ដើម្បីកុំឱ្យរបបខ្មៅងងឹតត្រលប់មកវិញ។

តាមរយៈសារលើបណ្តាញសង្គម នៅថ្ងៃទីច័ន្ទទី២០ខែឧសភានេះ សម្តេចតេជោ បានយកឱកាសនេះ រំឭកដល់ការបាត់បង់ជីវិតប្រជាជនខ្មែរប្រមាណជិត៣លាននាក់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបញ្ជាក់ថាភ្នក់ភ្លើងសង្គ្រាម ដែលពលរដ្ឋខ្មែរឆ្លងកាត់ជិត ៣ទសវត្សរ៍បន្សល់ទុកត្រឹមតែការឈឺចាប់។ បើតាមអតីតនាយករដ្ឋមន្ត្រីរូបនេះ សង្គ្រាមបានធ្វើឱ្យមានទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើតរបស់មនុស្ស ក៏គ្មានដែរ។

ដូច្នេះសម្តេចអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចងចាំ រួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ។ បើតាមប្រធានព្រឹទ្ធសភារូបនេះ សន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ សូមរំឭកថា ការកំណត់យកថ្ងៃ ២០ឧសភា ជាទិវាចងចាំ ព្រោះថ្ងៃ ២០ឧសភា ឆ្នាំ ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពីដំបូងឡើយ ទិវាជាតិនៃការចងចាំ ២០ឧសភា មានឈ្មោះថា «ទិវាចងកំហឹង» ដើម្បីបញ្ជាក់ពីការចងកំហឹងទៅនឹងរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៨ នៅពេលរដ្ឋាភិបាល កំណត់យកថ្ងៃនេះជាថ្ងៃបុណ្យជាតិ ក៏មានការប្តូរឈ្មោះជា «ទិវាជាតិនៃការចងចាំ» ដើម្បីជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕




