
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារលើទំព័រហ្វេសប៊ុកនាទិវាជាតិនៃការចងចាំ២០ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

សម្រាប់សម្តេច សន្តិភាពគឺបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ សម្តេចតេជោ បានអំពាវនាវដល់ពលរដ្ឋរួមគ្នាការពារសន្តិភាពឲ្យបានគង់វង្ស ដើម្បីកុំឲ្យរបបមួយនេះវិលត្រឡប់មកវិញ។
គូសរំលឹកថា ទិវាជាតិនៃការចងចាំថ្ងៃទី២០ ឧសភា គឺថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានកំណត់ថាជាថ្ងៃបុណ្យជាតិជាផ្លូវការនៅក្នុងប្រតិទិននៅឆ្នាំ២០១៨ ហើយក៏ជាថ្ងៃដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាកផងដែរ។ ប៉ុន្តែរហូតដល់ឆ្នាំ២០២០ ថ្ងៃទិវាជាតិនៃការចងចាំ២០ឧសភា នេះក៏ត្រូវបានរាជរដ្ឋាភិបាលលែងអនុញ្ញាតឲ្យឈប់សម្រាកទៀតហើយ គឺគ្រាន់តែមាននៅក្នុងប្រតិទិនប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។

ប្រមុខរាជរដ្ឋាភិបាលបានរៀបរាប់ថា ថ្ងៃរំលឹកទិវាជាតិនៃការចងចាំគឺជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
គិតមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេល៤៣ឆ្នាំហើយដែលប្រជាជនកម្ពុជានៅតែចងចាំ ឈឺចាប់ និងព្រាត់ប្រាសមនុស្សជាទីស្រឡាញ់ដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពលរដ្ឋខ្មែរខ្លះបានបាត់បង់សាច់ញាតិជាទីស្រឡាញ់ ហើយពលរដ្ឋខ្លះក៏បានជួបសាច់ញាតិខ្លួនវិញបន្ទាប់ពីបានបែកគ្នាជាយូរឆ្នាំមកហើយ៕
សូមទស្សនាវីដេអូ៖















