
រាជធានីភ្នំពេញ៖ បន្ទាប់ពីអង្គភាពសារព័ត៌មាន SBM News ចុះផ្សាយអំពីតម្លៃសត្វស្លាបព្រៃកម្ពុជាពីរប្រភេទ មានទីផ្សារខ្ពស់នៅប្រទេសចិន និងវៀតណាម ពេលនេះ អ្នកជំនាញលេងសត្វស្លាបព្រៃកម្ពុជាម្នាក់បានបង្ហើបប្រាប់បន្ថែមថា សត្វចាបល្វាចេកភ្លើង និងសត្វពពេចកំប៉ោយថ្ពាល់ក្រហម មិនត្រឹមតែមានតម្លៃខ្ពស់លើទីផ្សារប្រទេសវៀតណាម និងចិនប៉ុណ្ណោះទេ ប៉ុន្តែជាសត្វស្លាបព្រៃដែលមានការពេញនិយមលេងទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈតម្លៃសត្វដែលមានផែនល្អ គឺអាចហក់ដល់១ម៉ឺនដុល្លារក្នុងមួយក្បាលឯណោះ...។

បុរសម្នាក់មានឈ្មោះជាអក្សរកាត់ថា ច ទ (តែ SBM News ដាក់ឈ្មោះឱ្យលោកថា សុវណ្ណ) ដែលជាអ្នកនិយមលេងសត្វស្លាបព្រៃស្ទើរគ្រប់ប្រភេទ បានថ្លែងប្រាប់ SBM News តាមប្រព័ន្ធទូរសព្ទថា លោកជាអ្នកចូលចិត្តចិញ្ចឹមសត្វស្លាបព្រៃ ដែលមានរូបឆោមលោមពណ៌ស្រស់ស្អាត និងមានសំឡេងពីរោះ ដូចជា សត្វលលក សេក សារិកាកែវ ជាពិសេស សត្វចាបល្វាចេកភ្លើង និងសត្វពពេចកំប៉ោយថ្ពាល់ក្រហម ដែលអង្គភាពសារព័ត៌មាន SBM News ទើបនឹងបានចុះផ្សាយកាលពីពេលថ្មីៗនេះ។ លោក សុវណ្ណ បញ្ជាក់ជាថ្មីថា សម្រាប់ឈ្មួញវៀតណាម គេដើរប្រមូលទិញសត្វស្លាប់ព្រៃកម្ពុជាគ្រប់ប្រភេទទាំងអស់ ឱ្យតែពពួកសត្វស្លាបព្រៃណា ចេះហួច ចេះច្រៀង ឬយំមានសំឡេងពីរោះ ពួកគេទទួលទិញក្នុងតម្លៃខ្ពស់ប្រសិនបើសត្វស្លាបនោះមានផែនល្អ។ ផែនល្អ! គឺជាការសន្មតលើសត្វស្លាបទាំងហ្លាយណាដែលមានពណ៌សម្បុរខុសគេ រោមឆើតល្អស្អាត មានឡាយពណ៌មើលទៅទាក់ភ្នែក ហើយមានសំឡេងពីរោះ នោះតម្លៃសត្វស្លាបព្រៃនោះ នឹងហក់ឡើងខ្ពស់មិនខាន។

លោក សុវណ្ណ បន្តថា យើងពិបាកកំណត់តម្លៃថេរណាស់ ព្រោះក្រុមឈ្មួញគេទិញសត្វស្លាបទាំងនោះទៅតាមស្ថានភាពជាក់ស្តែង បើពណ៌រោម សំឡេងយំ និងភាពឆ្លាតវៃរបស់សត្វនោះខ្ពស់ តម្លៃខ្លួនវាគឺចាប់ពី៥០០ដុល្លារដល់១០០០ដុល្លារក៏មានដែរ នេះសម្រាប់ទីផ្សារនៅប្រទេសវៀតណាម និងចិន ប៉ុន្តែបើនៅប្រទេសម៉ាឡេស៊ី ប្រទេសចោរឈ្លានពានកម្ពុជា(ថៃ) ឥណ្ឌូណេស៊ី សិង្ហបុរី និងភូមា សត្វចាបល្វាចេកភ្លើង និងសត្វពពេចកំប៉ោយថ្ពាល់ក្រហម អាចមានតម្លៃដល់ទៅ១ម៉ឺនដុល្លារក៏មានដែរ ព្រោះពួកវាមានភាពឆ្លាតវៃ សំឡេងពីរោះ និងមានពណ៌រោមស្រស់ស្អាតជាងសត្វស្លាបព្រៃពូជនៅកម្ពុជាយើង។ ម្យ៉ាងទៀត អាចនិយាយបានថា បណ្តាប្រទេសទាំងនោះ គេទទួលស្គាល់លើការប្រកួតប្រជែងលេងសត្វស្លាបព្រៃនេះជាទូទៅ និងមានការនិយមចូលចិត្តលេងជាខ្លាំង ពីសំណាក់អ្នកមានធនធាន ដែលបានយកសត្វស្លាបរបស់ពួកគេទៅប្រកួតប្រជែងគ្នា រហូតមានកម្មវិធីប្រកួតប្រជែងដណ្តើមចំណាត់ថ្នាក់គ្នាថែមទៀតផង។ លោកបន្ថែមថា នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដូចជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ការប្រកួតប្រជែងសំឡេងសត្វស្លាបព្រៃ គឺជារឿងស្របច្បាប់។ រដ្ឋាភិបាលប្រទេសទាំងនោះ បានរៀបចំឱ្យមានការប្រកួតជាលក្ខណៈដណ្តើមពានរង្វាន់ប្រចាំប្រទេស និងប្រចាំតំបន់របស់េពួកគេ អ៊ីចឹងហើយ បានជាសត្វចាបល្វាចេកភ្លើង និងសត្វពពេចកំប៉ោយថ្ពាល់ក្រហម មានតម្លៃខ្ពស់ខ្លាំងនៅទីនោះ។

ចំណែកនៅប្រទេសកម្ពុជាយើងវិញ មានតែអ្នកស្រឡាញ់ចូលចិត្តប៉ុណ្ណោះ ដែកបានទិញពួកវាពីអ្នកដើរចាប់យកមកចិញ្ចឹមលេងនៅតាមផ្ទះ គ្មានការប្រកួតប្រជែងអ្វីឡើយ ហើយអ្នកខ្លះទៀតចង់អភិរក្សសត្វស្លាបព្រៃទាំងនោះផងដែរ ព្រោះបច្ចុប្បន្ន មានក្រុមអ្នកដើរទាក់យកសត្វស្លាបព្រៃទាំងនោះ ទៅលក់នៅវៀតណាមមួយថ្ងៃៗ រាប់រយក្បាលឯណោះ។ ពួកគេ បានយកសត្វធ្នាក់ដែលគួកគេចាប់បានយកទៅទាក់សត្វស្លាបព្រៃតាមរយៈសំឡេងយំរបស់វា ពីតាមតំបន់នានាក្នុងប្រទេសកម្ពុជា ដូចជានៅខេត្តកំពត កែប កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម ។ល។ ដោយពួកគេនាំចេញតាមច្រកព្រំដែននៅខេត្តមណ្ឌលគិរីនោះផង នៅព្រំដែនច្រកព្រែកចាក និងភ្នំដិនខេត្តតាកែវក៏មានដែរ ដោយប្រើវិធីដាក់ក្នុងអាវដើរឆ្លងដែនយកទៅលក់ឱ្យឈ្មួញវៀតណាម ដែលរង់ចាំទិញនៅក្នុងដីរបស់គេផ្ទាល់ ដោយក្នុងមួយថ្ងៃៗក្រុមព្រានធ្នាក់ខ្មែរលក់ចេញប្រមានពី៤០០ ទៅ៥០០ក្បាលឯណោះ។ យ៉ាងណា លោក សុវណ្ណ ក៏បានអំពាវនាវដល់បងប្អូនជាព្រានធ្នាក់សត្វស្លាបព្រៃទាំងពីរប្រភេទនេះ ដែលបាននាំយកទៅលក់នៅប្រទេសវៀតណាម សូមគិតដល់ការផុតពូជនៃសត្វស្លាបព្រៃរបស់យើងផង ព្រោះបើចាប់លក់ខ្លាំងបែបនេះ មិនយូរទេ សត្វស្លាបព្រៃទាំងពីរប្រភេទដែលកំពុងមានទីផ្សារខ្ពស់នៅប្រទេសវៀតណាម នឹងផុតពូជពីប្រទេសកម្ពុជាមិនខានឡើយ ហើយក៏សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយអភិរក្សសត្វស្លាបព្រៃទាំងពីរប្រភេទនេះ តាមរយៈការទប់ស្កាត់ការនាំចេញទៅក្រៅប្រទេសដោយខុសច្បាប់ ដែលក្រុមឈ្មួញខ្មែរ និងវៀតណាមកំពុងសហការគ្នា ធ្វើសកម្មភាពជារឿងរាល់ថ្ងៃ៕



