អាម៉េរិកប្រកាសអាសន្ន! បើកយុទ្ធនាការស្កែនរកវីរុសអេបូឡា តាមព្រលានយន្តហោះបន្ទាន់ ក្រោយពលរដ្ឋខ្លួនម្នាក់ឆ្លងនៅកុងហ្គោ
N
Nary Vann
2 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មិនមែនជារឿងលេងសើចឡើយ ខណៈដែលពិភពលោកកំពុងវក់វីនឹងរឿងសង្គ្រាម នៅពេលនេះ មេរោគដ៏កាចសាហាវ គឺ «វីរុសអេបូឡា» កំពុងដុតកម្ដៅសន្តិសុខសុខាភិបាលសកលរហូតធ្វើឱ្យសហរដ្ឋអាម៉េរិកអង្គុយលែងជាប់។ ភ្លាមៗបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសដាក់តំបន់ផ្ទុះមេរោគនៅអាហ្វ្រិកជា «ស្ថានភាពអាសន្នសុខភាពអន្តរជាតិ» រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសរឹតបន្តឹង និងដាក់ពង្រាយកម្លាំងស្កែនរកមេរោគនេះនៅតាមព្រលានយន្តហោះទូទាំងប្រទេសបន្ទាន់ ដើម្បីទប់ស្កាត់ការរាលដាលឆ្លងចូលដែនដីរបស់ខ្លួន...។

វិធានការក្ដៅគគុកដែលប្រកាសដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិក (CDC) នេះ ធ្វើឡើងបន្ទាប់ពីមានការរកឃើញថា មានពលរដ្ឋអាម៉េរិកម្នាក់ ដែលកំពុងបំពេញការងារមនុស្សធម៌នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានតេស្តវិជ្ជមានវីរុសអេបូឡា កាលពីចុងសប្ដាហ៍កន្លងទៅ។ អាជ្ញាធរសហរដ្ឋអាម៉េរិក កំពុងមមាញឹកធ្វើការជម្លៀសអ្នកជំងឺរូបនោះទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីព្យាបាល និងកំពុងតាមដានសុខភាពមន្ត្រីផ្សេងទៀតចំនួន៦នាក់ បន្ថែមទៀតយ៉ាងដិតដល់ ដែលនេះជាសញ្ញាបង្ហាញថា មេរោគនេះ បានមកកៀកនឹងមាត់ទ្វារផ្ទះរបស់សហរដ្ឋអាម៉េរិករួចស្រេចទៅហើយ។

ក្រោមយុទ្ធសាស្ត្រការពារបន្ទាយជាថ្មីនេះ សហរដ្ឋអាម៉េរិកបានសម្រេចផ្អាកការផ្ដល់ទិដ្ឋាការ (Visa) ជារួម ជាបណ្ដោះអាសន្នសម្រាប់អ្នកដំណើរមកពីតំបន់ផ្ទុះអាសន្ន និងតម្រូវឱ្យអ្នកដំណើរទាំងឡាយណា ដែលធ្លាប់បានឈានជើងចូលទឹកដីកុងហ្គោ អ៊ូហ្គង់ដា ឬស៊ូដង់ខាងត្បូង ក្នុងរយៈពេល២១ថ្ងៃចុងក្រោយ ត្រូវតែឆ្លងកាត់ការពិនិត្យសុខភាពយ៉ាងតឹងរ៉ឹងបំផុត នៅតាមច្រកទ្វារអាកាសយានដ្ឋាន។ ទោះបីជា លោក ដូណាល់ ត្រាំ ថ្លែងបែបបង្អាក់អារម្មណ៍ភ័យខ្លាចថា មេរោគនេះហាក់ដូចជាកំពុងស្ថិតនៅត្រឹមតំបន់អាហ្វ្រិកនៅឡើយទេក៏ដោយ ប៉ុន្តែយុទ្ធសាស្ត្ររឹតបន្តឹងទិដ្ឋាការ និងការបង្កើនការស្កែនកម្ដៅកម្រិតធ្ងន់របស់ CDC បានបង្ហាញច្បាស់ថា សហរដ្ឋអាម៉េរិកមិនហ៊ានយកជីវិតពលរដ្ឋខ្លួនទៅភ្នាល់ជាមួយវីរុសស៊ីសាច់មនុស្ស ដ៏កាចសាហាវមួយនេះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត