ខ្មា.ន់កាំ.ភ្លើ.ងវ័យក្មេងបា.ញ់រះក្នុងវិហារឥស្លាម ស.ម្លា.ប់មនុស្ស៣នាក់ មុនបា.ញ់ស.ម្លា.ប់ខ្លួនឯង
N
Nary Vann
មួយម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ខ្មាន់កាំភ្លើងវ័យក្មេងចំនួន២នាក់ បានបើកការបាញ់ប្រហារយ៉ាងរន្ធត់មួយនៅក្នុងមជ្ឈមណ្ឌលឥស្លាម ICSD (ដោយមានទាំងវិហារឥស្លាម និងសាលារៀន) ស្ថិតក្នុងទីក្រុងសាន់ឌីអាហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៨ឧសភា(ម៉ោងនៅអាម៉េរិក) ដោយបណ្ដាលឱ្យមនុស្សពេញវ័យចំនួន៣នាក់បាត់បង់ជីវិត...

ក្រោយការបាញ់ប្រហារ ខ្មាន់កាំភ្លើងទាំង២នាក់ ត្រូវបានគេស្គាល់ថា ជាយុវជនអាយុ១៧ឆ្នាំ និង១៩ឆ្នាំ បានបាញ់សម្លាប់ខ្លួនឯងនៅនឹងកន្លែងកើតហេតុ ខណៈកុមារៗនៅក្នុងសាលារៀនមិនមានរងរបួសអ្វីឡើយ។ លោក ស្កុត វ៉ែលត៍ Scott Wahl ស្នងការប៉ូលិសក្រុងសាន់ឌីអាហ្គោ បានបញ្ជាក់ថា ជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកស្លាប់ គឺជាភ្នាក់ងារសន្តិសុខប្រចាំវិហារ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ទល់ និងការពារមិនឱ្យសោកនាដកម្មនេះ រីករាលដាលធ្ងន់ធ្ងរជាងនេះ។

មុនពេលកើតហេតុប្រហែល២ម៉ោង ម្តាយរបស់ខ្មាន់កាំភ្លើងម្នាក់បានទាក់ទងទៅប៉ូលិសដើម្បីរាយការណ៍ថា កូនប្រុសរបស់គាត់មានគំនិតចង់សម្លាប់ខ្លួន ហើយបានលួចបើកឡានរបស់គាត់រត់បាត់ ដោយយកទៅជាមួយនូវអាវុធជាច្រើនដើម។ បច្ចុប្បន្ន អាជ្ញាធរសហរដ្ឋអាម៉េរិក រួមទាំងទីភ្នាក់ងារ FBI កំពុងស៊ើបអង្កេតករណីនេះយ៉ាងដិតដល់ ដោយចាត់ទុកវាជា«បទឧក្រិដ្ឋដែលកើតចេញពីការស្អប់ខ្ពើមពូជសាសន៍ ឬសាសនា (Hate Crime)»

ហេតុការណ៍នេះ កើតឡើងចំពេលដែលរលកនៃការស្អប់ខ្ពើមជនជាតិឥស្លាម (Islamophobia) កំពុងកើនឡើងកម្ដៅយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាម៉េរិក ស្របពេលអ្នកនយោបាយស្ដាំនិយមមួយចំនួនដែលស្និទ្ធនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានថ្លែងសារវាយប្រហារលើសហគមន៍ឥស្លាម នាពេលកន្លងមក។ ភ្លាមៗ...បន្ទាប់ពីមានការបាញ់ប្រហារនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានពណ៌នាថា វាជាហេតុការណ៍ដ៏គួរឱ្យរន្ធត់ចិត្តខ្លាំងណាស់ ខណៈប៉ូលិសក្រុងញូវយ៉ក (NYPD) និងទីក្រុងធំៗជាច្រើនទៀត ក្នុងសហរដ្ឋអាម៉េរិក បានប្រកាសបង្កើនកងកម្លាំងការពារ និងរឹតបន្តឹងសន្តិសុខនៅតាមវិហារឥស្លាមនានាទូទាំងប្រទេស ដើម្បីបង្ការកុំឱ្យមានការវាយប្រហារស្រដៀងគ្នានេះ កើតឡើងបន្តទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត