
រដ្ឋធានីវ៉ាស៊ីនតោន៖ គ្រោះអគ្គិភ័យឆេះព្រៃដ៏ធំមួយដែលមានឈ្មោះថា «Sandy Fire» បានឆាបឆេះឡើងកាលពីថ្ងៃទី១៨ ខែឧសភា (ម៉ោងនៅអាម៉េរិក) នៅក្នុងទីក្រុងស៊ីមី វ៉ាឡី Simi Valley ភាគពាយព្យនៃកណ្ដាលក្រុងឡូសអេនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក...។

អណ្តាតភ្លើងបានរាលដាលយ៉ាងឆាប់រហ័ស ដោយសារតែកម្លាំងខ្យល់បោកបក់ខ្លាំងរហូតដល់៥៦គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឱ្យផ្ទៃដីព្រៃជាង៥៥0ហិកតា ត្រូវភ្លើងឆាបឆេះខ្ទេចខ្ទីត្រឹមពេលតែមួយថ្ងៃ។ កម្លាំងអណ្តាតភ្លើងដ៏សាហាវនេះ បានដុតបំផ្លាញផ្ទះប្រជាពលរដ្ឋអស់មួយខ្នង ប៉ុន្តែជាសំណាងល្អមិនទាន់មានសេចក្តីរាយការណ៍ពីការបាត់បង់ជីវិត ឬរងរបួសណាមួយឡើយ។ អាជ្ញាធរបានប្រកាសអាសន្ន និងបញ្ជាឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ នៅតាមផ្នែកខ្លះនៃទីក្រុងស៊ីមី វ៉ាឡី និងទីក្រុងជិតខាង ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់។

ស្របពេលជាមួយគ្នានេះ អភិបាលក្រុងឡូសអេនជឺឡេស លោកស្រី ខារិន បាស (Karen Bass) បានប្រកាសឱ្យតំបន់ភាគខាងជើងនៃទីក្រុង ត្រៀមលក្ខណៈជម្លៀសខ្លួនផងដែរ បើទោះបីជាគេរំពឹងថា ភ្លើងព្រៃនេះ នឹងមិនរាលដាលចូលមកដល់ក្នុងកណ្តាលទីក្រុងឡូសអេនជឺឡេសផ្ទាល់ក៏ដោយ។ ទោះបីជាស្ថានភាពខ្យល់បានចាប់ផ្ដើមថយចុះកម្ដៅខ្លះៗ នៅពេលល្ងាច ប៉ុន្តែទីភ្នាក់ងារពន្លត់អគ្គិភ័យរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់ថា អាកាសធាតុក្ដៅស្ងួត និងស្ថានភាពភូមិសាស្ត្រជួរភ្នំ នៅតែជាឧបសគ្គដ៏ធំសម្រាប់ក្រុមអ្នកពន្លត់អគ្គិភ័យ ក្នុងការខិតខំប្រឹងប្រែងគ្រប់គ្រង និងហ៊ុមព័ទ្ធអណ្តាតភ្លើងនាពេលនេះ៕







