លោក ពូទីន៖ រុស្ស៊ី និងចិន ប្តេជ្ញាពួតដៃគ្នាការពារអធិបតេយ្យជាតិ និងផលប្រយោជន៍ស្នូល
N
Nary Vann
មួយម៉ោងមុន

រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចេញសារជាវីដេអូមួយ មុនពេលចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសចិន នាថ្ងៃអង្គារទី១៩ ខែឧសភានេះ ដោយបានប្រកាសថា រុស្ស៊ី និងចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន រាប់ចាប់តាំងពីការថែរក្សាឯកភាពជាតិ រហូតដល់ការការពារអធិបតេយ្យភាពទឹកដី...។



លោក ស៊ី ជីនពីង (ឆ្វេង) និងលោក វ្ល៉ាឌីមៀ ពូទីន
លោក ស៊ី ជីនពីង (ឆ្វេង) និងលោក វ្ល៉ាឌីមៀ ពូទីន

លោក ពូទីន បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរបានឈានដល់ «កម្រិតកំពូលដែលមិនធ្លាប់មានពីមុនមក» ទាំងលើផ្នែកការយល់ចិត្តគ្នា និងការទុកចិត្តគ្នាផ្នែកនយោបាយ។ មុនពេលឈានជើងចូលកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នាថ្ងៃពុធទី២០ស្អែកនេះ មេដឹកនាំរុស្ស៊ីដ៏មានឥទ្ធិពលបំផុតបានបញ្ជាក់ថា ប្រទេសទាំងពីរ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើវិស័យសេដ្ឋកិច្ច នយោបាយ និងការពារជាតិ។ លោកបន្ថែមថា ចំណងមិត្តភាពយុទ្ធសាស្ត្រដ៏ស្អិតល្មួតរវាងរដ្ឋធានីម៉ូស្គូ និងប៉េកាំង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាស្ថិរភាពនយោបាយសកល។ លោកថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖«យើងមិនមែនចាប់ដៃគ្នា ដើម្បីប្រឆាំងនឹងប្រទេសណាមួយទេ ប៉ុន្តែយើងកំពុងធ្វើការរួមគ្នាដើម្បីបុព្វហេតុសន្តិភាព និងការរីកចម្រើនសម្រាប់មនុស្សជាតិទាំងមូល»

ដំណើរទស្សនកិច្ចរបស់លោក ពូទីន នាពេលនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការបង្ហាញកម្លាំងសាមគ្គីភាពដ៏រឹងមាំរវាងមហាយក្សទាំងពីរ ដើម្បីផ្ញើសារទៅកាន់សហរដ្ឋអាម៉េរិក និងបស្ចិមលោក ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយយ៉ាងខ្លាំង ជាពិសេស គឺក្រោយពេលដែលចិនទើបបានបញ្ចប់ជំនួបចរចាជាមួយលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន៕

លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង
លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត