ត្រាំ ដឹកដៃមេដឹកនាំកុងហ្គោ និងរ្វាន់ដា ទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដល់អាម៉េរិក
N
Nary Vann
05 ធ្នូ 2025 01:00 PM

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានសរសើរមេដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរ្វាន់ដា សម្រាប់ភាពក្លាហានរបស់ពួកគេ ដែលបានឯកភាពគ្នា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី៤ធ្នូ ដើម្បីបញ្ចប់ជម្លោះនៅភាគខាងកើតកុងហ្គោ និងសម្រួលដល់ការទទួលបានធនធានរ៉ែក្នុងតំបន់សម្រាប់អាជីវកម្ម...។

លោក ត្រាំ បានស្វាគមន៍លោកប្រធានាធិបតីកុងហ្គោ ហ្វេលីក ធីស៊ីសេកេឌី (Felix Tshisekedi) និងលោកប្រធានាធិបតីរ្វាន់ដា ប៉ូល កាហ្គាមេ (Paul Kagame) ក៏ដូចជាមន្ត្រីមួយចំនួនមកពីប្រទេសអាហ្រ្វិកផ្សេងទៀត ដែលបានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធ្វើជាសាក្សីលើការចុះហត្ថលេខានេះ ដោយអះអាងថា នេះជាសមិទ្ធផលដ៏សំខាន់មួយ លោក ត្រាំ បានតាំងខ្លួនគាត់ថា ជាអ្នកចរចាដ៏សំខាន់ ដែលសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព។ លោក​បាន​ហៅ​ថ្ងៃ​នេះ​ថា ​ជា​ថ្ងៃ​ជោគជ័យ​សម្រាប់​ទាំង​អាហ្វ្រិក និង​ពិភពលោក។ លោក ត្រាំ បាននិយាយភ្លាមៗមុនពេលមេដឹកនាំចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះថា៖«ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យសម្រាប់ទ្វីបអាហ្រ្វិក និងសម្រាប់ពិភពលោកទាំងមូល»។ លោក​បាន​បន្ថែម​ថា​៖«​សព្វ​ថ្ងៃ​នេះ យើង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុងការងារ​ដែល​ប្រទេសផ្សេង​ទៀត​បរាជ័យ​»។ 

កិច្ចព្រមព្រៀងរវាង លោក ធីស៊ីសេកេឌី និងលោក កាហ្គាមេ ធ្វើឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពអស់រយៈពេលជាច្រើនខែ ដោយសហរដ្ឋអាម៉េរិក និងដៃគូនានា រួមទាំងសហភាពអាហ្រ្វិក និងកាតា ហើយបញ្ចប់កិច្ចព្រមព្រៀងមុនដែលបានចុះហត្ថលេខាកាលពីខែមិថុនា។ យ៉ាងណាមិញ សន្តិភាពនៅតែមានភាពផុយស្រួយ ដោយសារកុងហ្គោទទួលរងពីអំពើហិង្សាយូរអង្វែង ដែលពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធជាច្រើន ជាពិសេសក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ្វាន់ដា ដែលបានបង្កើនវិបត្តិមនុស្សធម៌នៅក្នុងតំបន់។

កិច្ចព្រមព្រៀងដែលចុះនៅថ្ងៃទី៤ធ្នូ ក៏នឹងបង្កើតឡើងនៅលើក្របខ័ណ្ឌសមាហរណកម្មសេដ្ឋកិច្ចតំបន់ដែលបានព្រមព្រៀងគ្នាពីមុន ដែលមន្ត្រីបាននិយាយថា នឹងកំណត់លក្ខខណ្ឌនៃភាពជាដៃគូសេដ្ឋកិច្ច ​ដែលពាក់ព័ន្ធនឹងប្រទេសទាំងបី។ លោក ត្រាំ ក៏បានប្រកាសផងដែរថា សហរដ្ឋអាម៉េរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសកុងហ្គោ និងប្រទេសរ្វាន់ដា នឹងបើកឱកាសថ្មីៗសម្រាប់សហរដ្ឋអាម៉េរិកក្នុងការទទួលបានរ៉ែសំខាន់ៗ។ កិច្ចព្រមព្រៀងដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំង៣៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត