
រាជធានីភ្នំពេញ៖ អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី១៧ឧសភា ឆ្នាំ២០២៦ បានប្រកាសពីការឆ្លងជំងឺអេបូឡា ឆ្លងកាត់បន្ទាត់ព្រំដែននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទៅកាន់ប្រទេសអ៊ូហ្គង់ដា បណ្ដាលឱ្យមានអ្នកឆ្លង និងស្លាប់ផងដែរ…។

ដោយឡែក ក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ជំងឺអេបូឡា ឆ្លងតាមការប៉ះផ្ទាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺ ឬអ្នកស្លាប់ដោយសារជំងឺអេបូឡា ឬសម្ភារដែលមានផ្ទុកវីរុសអេបូឡា។ លើសពីនេះ ជំងឺអេបូឡា អាចឆ្លងដោយកម្រតាមរយៈការប៉ះពាល់ជាមួយសត្វដែលមានផ្ទុកវីរុសអេបូឡា ដូចជា ពពួកអម្បូរសត្វប្រចៀវ ជ្រឹង ឈ្លូស ប្រើស និងស្វា ដែលរស់នៅក្នុងតំបន់ព្រៃក្រាស់ៗនៅទ្វីបអាហ្វ្រិក។ ចំពោះរោគសញ្ញាមានដូចជា៖ អស់កម្លាំង គ្រុនក្ដៅ ឈឺសាច់ដុំ រាក ក្អួត និងអាចមានការហូរឈាម។ អការអាចចាប់ផ្តើមបង្ហាញក្នុងរយៈពេលពី២ថ្ងៃដល់២១ថ្ងៃជាមធ្យម លេចចេញចន្លោះពី៨ថ្ងៃទៅ១០ថ្ងៃ បន្ទាប់ពីប៉ះពាល់ជាមួយវីរុសអេបូឡា។ ចំណែកវិធីបង្ការ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់ ឬអាល់កុលលាងដៃ។ បើរស់នៅ ឬធ្វើដំណើរទៅតំបន់ដែលមានការសង្ស័យ ឬមានជំងឺអេបូឡា ត្រូវអនុវត្តវិធានការ ការពារខ្លួនឱ្យបានត្រឹមត្រូវ។

ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយសារធាតុរាវ ក្នុងរាងកាយរបស់បុគ្គលដែលឆ្លងវីរុសអេបូឡា ឬអ្នកស្លាប់ដោយសារជំងឺនេះ ឬសម្ភារដែលមានវីរុសអេបូឡា។ សារធាតុរាវដូចជា ឈាម ទឹកនោម លាមក ទឹកមាត់ ញើស កម្អួត ទឹកដោះម្តាយ ទឹកភ្លោះ ទឹកកាម និងទឹករំអិលរបស់អ្នកកើតអ្នកជំងឺ និងសាកសព។ ម្យ៉ាងទៀត ហាមប៉ះពាល់សម្លៀកបំពាក់ កម្រាលពូក ខ្នើយ ម្ជុល ឧបករណ៍វេជ្ជសាស្ត្រ ឬរបស់របរផ្សេងទៀតដែលអាចមានការប៉ះពាល់ឈាម ឬសារធាតុរាវរបស់មនុស្សដែលឆ្លងវីរុសអេបូឡា។ លើសពីនេះ ក៏ហាមប៉ះពាល់ពពួកអម្បូរសត្វប្រចៀវ ជ្រឹង ឈ្លូស ប្រើស ស្វា សាច់ឆៅ ឬសារធាតុរាវរបស់សត្វ ទាំងនេះ។ បន្ថែមពីនេះ ត្រូវប្រើឧបករណ៍ការពារខ្លួន (PPE) នៅពេលប៉ះពាល់ ឬថែទាំអ្នកជំងឺ។ ក្នុងករណីមានរោគសញ្ញាដូចរៀបរាប់ខាងលើ បន្ទាប់ពីបានធ្វើដំណើរពីតំបន់ផ្ទុះជំងឺអេបូឡា សូមរុះរាន់មកកាន់មន្ទីរពេទ្យជាបន្ទាន់។

គួរជ្រាបថា ជំងឺអេបូឡា ជាជំងឺឆ្លងធ្ងន់ធ្ងរបង្កដោយក្រុមវីរុសអេបូឡា អាចបណ្ដាលឱ្យស្លាប់ក្នុងអត្រាខ្ពស់រហូតដល់៨០-៩០ ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។ វីរុសនេះ ត្រូវបានគេរកឃើញនៅឆ្នាំ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភាគច្រើនត្រូវបានរកឃើញនៅតំបន់វាលសាហារ៉ានៃទ្វីបអាហ្វ្រិក។ បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការជំងឺអេបូឡាមួយចំនួន ត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានីភ័យខ្ពស់។ តែយ៉ាងណា មិនមានឱសថព្យាបាលជាក់លាក់ ដែលអាចសម្លាប់វីរុសនេះបានទាំងស្រុងនោះទេ ពោលកឺមានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ៕




