
រដ្ឋធានីវ៉ាស៊ីនតោន៖ យ៉ាងហោចណាស់មានកិច្ចព្រមព្រៀង២ ក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើនដែលមានគោលបំណងបញ្ចប់ជម្លោះសកល ដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសាទរថា ជាភស្តុតាងនៃជំនាញចរចារបស់លោក កំពុងតែជួបបញ្ហា និងប្រឈមនឹងការដួលរលំ។

តិចជាងមួយសប្តាហ៍បន្ទាប់ពីកុងហ្គោ និងរ្វាន់ដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅក្នុងវត្តមានរបស់លោក ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅភាគខាងកើតកុងហ្គោ ហើយតិចជាងពីរខែបន្ទាប់ពីកម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះព្រំដែន ការប្រយុទ្ធគ្នាបានផ្ទុះឡើងសាជាថ្មីនៅទីតាំងទាំង២។ ការវិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភនេះ បានបណ្ដាលឱ្យមានការអំពាវនាវជាបន្ទាន់ ដើម្បីបញ្ឈប់អំពើហឹង្សាជាថ្មីនៅបណ្តាប្រទេសដែលពាក់ព័ន្ធ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ បានជំរុញឱ្យភាគីប្រយុទ្ធទាំងអស់ អនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេនៅក្នុងកិច្ចព្រមព្រៀង។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក រូប៊ីអូ បាននិយាយថា សហរដ្ឋអាម៉េរិកមានការព្រួយបារម្ភចំពោះការកើនឡើងនៃការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ នៅតាមព្រំដែនដែលមានជម្លោះរបស់ពួកគេ ត្រឹមតែជាងមួយខែបន្ទាប់ពីប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានជំរុញដោយលោក ត្រាំ ។ លោក រូប៊ីអូ បានកត់សម្គាល់ថា៖«យើងទទូចយ៉ាងខ្លាំងឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ការការពារជនស៊ីវិល ហើយភាគីទាំងពីរត្រូវត្រលប់ទៅវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា។» ទន្ទឹមនោះ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់ ត្រាំ បានឱ្យដឹងថា ប្រធានាធិបតីរំពឹងថាប្រទេសថៃ និងកម្ពុជា ក៏ដូចជាប្រទេសរ្វាន់ដា និងកុងហ្គោ នឹងគោរពការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបញ្ឈប់អំពើហិង្សា។

លោក ត្រាំ បានអួតម្ដងហើយម្ដងទៀតពីកិច្ចព្រមព្រៀងចំនួន៧ទៅ៨ រួមទាំងកិច្ចព្រមព្រៀងទាំងពីរខាងលើនេះ ជាភស្តុតាងនៃភាពជោគជ័យរបស់ខ្លួន ក្នុងការបញ្ចប់ជម្លោះ។ យ៉ាងណា ផែនការដើម្បីបញ្ចប់សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅហ្កាហ្សា នៅតែមិនទាន់ដាច់ស្រេច និងស្ថិតក្នុងភាពជាប់គាំង ខណៈការប្រយុទ្ធគ្នានៅតែបន្ត។ លើសពីនេះ កិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន រហូតមកដល់ពេលនេះ បង្ហាញថា មិនបានជោគជ័យ។ កិច្ចព្រមព្រៀងផ្សេងទៀតដែលលោក ត្រាំ បានជាប់ពាក់ព័ន្ធ និងបានអះអាងថា ជាជោគជ័យ រួមមានរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន អាមេនី និងអាស៊ែបៃហ្សង់ អ៊ីស្រាអែល និងអ៊ីរ៉ង់ កូសូវ៉ូ និងស៊ែប៊ី និងអេហ្ស៊ីប និងអេត្យូពី៕



