
រដ្ឋធានីព្យុងយ៉ាង៖ កូរ៉េខាងជើងបានប្រកាសនៅថ្ងៃសុក្រទី៨ ខែឧសភា ថា នឹងដាក់ពង្រាយប្រព័ន្ធកាំភ្លើងធំរយៈចម្ងាយឆ្ងាយប្រភេទថ្មី ទៅក្បែរព្រំដែនកូរ៉េខាងត្បូង ហើយក៏នឹងដាក់ឱ្យដំណើរការនាវាពិឃាតលើកដំបូងរបស់ខ្លួននៅក្នុងសប្តាហ៍ខាងមុខនេះផងដែរ។ មានការអះអាងថា ប្រព័ន្ធកាំភ្លើងធំ មានសមត្ថភាពអាចបាញ់ដល់រដ្ឋធានីសេអ៊ូ របស់កូរ៉េខាងត្បូង។

ការបង្ហាញពីចេតនាចង់ចល័តសព្វាវុធពីសំណាក់កូរ៉េខាងជើង បានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូងអះអាងថា រដ្ឋធម្មនុញ្ញកូរ៉េខាងជើង ដែលត្រូវបានកែសម្រួលថ្មី បានលុបចោលរាល់ចំណុចពាក់ព័ន្ធនឹងការបង្រួបបង្រួមជាតិកូរ៉េទាំងនេះ។ ការកែប្រែរដ្ឋធម្មនុញ្ញនេះ គឺធ្វើទៅតាមការប្ដេជ្ញារបស់មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបង្កើតប្រព័ន្ធរដ្ឋ២ ដាច់ដោយឡែកពីគ្នានៅលើឧបទ្វីបកូរ៉េ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោក គីម ជុងអ៊ុន បានចុះទៅពិនិត្យរោងចក្រផលិតសព្វាវុធ ដើម្បីត្រួតពិនិត្យការផលិតកាំភ្លើងធំប្រភេទ១៥៥មិល្លីម៉ែត្រ ដែលនឹងត្រូវដាក់ពង្រាយនៅតាមអង្គភាពកាំភ្លើងធំតំបន់ព្រំដែនក្បែរកូរ៉េខាងត្បូងក្នុងឆ្នាំនេះ។

លោក គីម ជុងអ៊ុន បានបញ្ជាក់ថា កាំភ្លើងធំធុនធ្ងន់ប្រភេទថ្មីនេះ មានសមត្ថភាពបាញ់បានចម្ងាយជាង៦០គីឡូម៉ែត្រ។ «ការពង្រីកចម្ងាយបាញ់បានយ៉ាងឆ្ងាយ និងទំនើបកម្មសមត្ថភាពវាយប្រហារដ៏អស្ចារ្យបែបនេះ នឹងផ្តល់នូវការផ្លាស់ប្ដូរ និងគុណសម្បត្តិយ៉ាងធំធេងនៅក្នុងប្រតិបត្តិការជើងគោកនៃកងទ័ពយើង» នេះជាសម្តីរបស់ លោក គីម ជុងអ៊ុន។ ក្រៅពីកាំភ្លើងធំ លោក គីម ក៏បានបង្ហើបថា ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រចម្រុះ និងប្រព័ន្ធមីស៊ីលបាញ់ច្រើនគ្រាប់ ដែលមានអានុភាពខ្លាំង ក៏គ្រោងនឹងដាក់ពង្រាយនៅតាមបណ្ដោយព្រំដែនជាមួយកូរ៉េខាងត្បូងផងដែរ។ ទោះបីជាប្រព័ន្ធកាំភ្លើងធំរបស់កូរ៉េខាងជើង មិនសូវទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិដូចជាមីស៊ីលបាលីស្ទីកក៏ពិតមែន ប៉ុន្តែការដាក់ពង្រាយកាំភ្លើងធំជាច្រើននៅក្បែរព្រំដែនកូរ៉េខាងត្បូង គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធានីសេអ៊ូល៕




