
រាជធានីបាងកក៖ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ បានគ្រងឯកសណ្ឋានទ័ពអាកាស បើកយន្តហោះចម្បាំង F-16 ដោយផ្ទាល់ ទៅត្រួតពិនិត្យបន្ទាត់ព្រំដែនភាគខាងលិច ជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា ខណៈសកម្មភាពនេះ ត្រូវបានគេមើលឃើះថា ហាក់ដូចជាត្រៀមខ្លួនប្រយុទ្ធក្នុងសមរភូមិណាមួយយ៉ាងសកម្ម ក្រោមកិច្ចសហការពីកងទ័ពអាកាសភូមិន្ទថៃ...។

នៅព្រឹកថ្ងៃទី១៩ឧសភា ឆ្នាំ២០២៦នេះ មេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ លោក សេកសាន់ ខ័នថា (เสกสรร คันธา) បានដឹកនាំសេនាធិការទទួលស្វាគមន៍ អគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ លោក អ៊ុកគ្រីត ប៊ុនតានន្ទ ( อุกฤษฎ์ บุญตานนท์) ទៅត្រួតពិនិត្យការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពអាកាសនៅក្នុងស្រុកតាកលី ខេត្តនគរសួគ៌ (นครสวรรค์) ព្រមទាំងបានសាកល្បងសមត្ថភាពយន្តហោះចម្បាំង F-16 មុនពេលហោះហើរថែមទៀតផង។ លោក អ៊ុកគ្រិត បានថ្លែងទៅកាន់កងទ័ពអាកាសដោយភាពក្រអឺតក្រទម ថា កងទ័ពអាកាសថៃ បានបង្ហាញពីសមត្ថភាពប្រយុទ្ធ និងការបំពេញប្រតិបត្តិការនៅក្នុងឆ្នាំ២០២៥ [កំលុងពេលបើកការឈ្លានពានកម្ពុជា] ដោយបង្ហាញពីសមត្ថភាពប្រយុទ្ធគ្រប់ពេល និងគ្រប់ទីកន្លែង។ លោកបានជំរុញឱ្យកងទ័ពអាកាសត្រៀមខ្លួន និងអភិវឌ្ឍសមត្ថភាពបន្តទៀត ដើម្បីគ្រប់គ្រងរាល់ស្ថានការណ៍ដែលថ្នាក់លើដាក់ឱ្យ។

ចំណែកឯមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ បានជំរុញឱ្យក្រុមទ័ពអាកាស រក្សាភាពរឹងមាំក្នុងបេសកកម្ម ហ្វឹកហ្វឺនឱ្យបានហ្មត់ចត់ និងធ្វើការងារជាលក្ខណៈអាជីព ដើម្បីសម្រេចបានជ័យជម្នះក្នុងបេសកកម្ម។ សូមជម្រាបផងដែរថា ដ្បិតថា កងទ័ពអាកាសភូមិន្ទថៃ ធ្វើប្រតិបត្តិការហោះឆ្វែលព្រំដែនជាមួយប្រទេសមីយ៉ានម៉ា ប៉ុន្តែមេបញ្ជាការកងទ័ពថៃ បែរជាលើកយករឿងឈ្លានពានកម្ពុជា ទៅដាស់ស្មារតីក្រុមពីឡុតបើកយន្តចម្បាំងទៅវិញ ដែលនេះអាចឱ្យយើងសន្និដ្ឋានបានថា សកម្មភាពយោធាថៃ ធ្វើប្រតិបត្តិការនៅកន្លែងផ្សេង តែផែនការទុច្ចរិតរបស់ពួកគេ គឺនៅតែចិញ្ចឹមចិត្តលើការវាទីយកទឹកដីកម្ពុជាជាគោលដៅចម្បង ប្រសិនបើសង្គ្រាមជុំទី៣ផ្ទុះឡើងប្រាកដមែន។ ម្យ៉ាងវិញទៀត គេនៅចាំបានថា ក្រៅពីយន្តហោះចម្បាំង F-16 យោធាថៃឈ្លានពាន បានប្រើប្រាស់យន្តហោះចម្បាំង Saab JAS 39 Gripen, ឥន្រ្ទីមាស FA-50TH, និងយន្តហោះ AT-6 ហោះពំាខ្ជាក់ទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញទាំងសម្បត្តិបេតិកភណ្ឌពិភពលោក និងផ្តាច់ជីវិតប្រជាជនស្លូតត្រង់កម្ពុជា យ៉ាងអាណោចអាធ័មបំផុត នាពេលកន្លងមក៕




