មិត្តដែកថែបកម្ពុជា ធ្វើសមយុទ្ធយោធារួមគ្នាជាមួយថៃ ស្របពេលព្រំដែនកម្ពុជារងការរំលោភបំពាន
ហៀប ស៊ីថេត
2 ម៉ោងមុន

រាជធានីបាងកក៖ ស្របពេលស្ថានភាពព្រំដែនកម្ពុជា-ថៃ បន្តភាពតានតឹង ខណៈអធិបតេយ្យកម្ពុជារងនូវការរំលោភបំពាន ពីយោធាចោរឈ្លានពាន ពេលនេះ មិត្តដែកថែបកម្ពុជា គឺមហាមិត្តចិន បានចាប់ដៃគ្នាជាមួយកងទ័ពជើងគោកថៃ បើកសមយុទ្ធយោធារួមគ្នាមួយ ដែលមានឈ្មោះថា «STRIKE 2026» នៅខេត្តឈៀងម៉ៃ។ សមយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពប្រតិបត្តិការយោធាពិសេស និងរឹតចំណងទាក់ទងយោធារវាងប្រទេសទាំង២ឱ្យកាន់តែស៊ីជម្រៅ។ នេះបើយោងតាមការចុះផ្សាយដោយកាសែតខាវសដ...។​

សមយុទ្ធ STRIKE 2026 នេះ បានបើកឆាកជាផ្លូវការកាលពីថ្ងៃទី​​១៨ ខែឧសភា នៅខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ ក្រោមអធិបតីភាពនៃមេទ័ពកំពូលៗរបស់ប្រទេសទាំង២។ សមយុទ្ធនេះ ត្រូវបានរៀបចំឡើងនៅក្នុងស្រុកម៉ែរីម (Mae Rim) ស្រុកមឿង (Muang) និងតំបន់ក្បែរៗនៅក្នុងខេត្តឈៀងម៉ៃ។ យោងតាមការបញ្ជាក់ពីកងទ័ពថៃ សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រតិបត្តិការរួមគ្នា និងជំរុញការផ្លាស់ប្ដូរចំណេះដឹងយោធារវាងប្រទេសទាំង២។ សកម្មភាពហ្វឹកហ្វឺនសំខាន់ៗ រួមមាន៖ ប្រតិបត្តិការរួមគ្នា, ការវាយលុកឆ្លងកាត់ផ្ទាំងថ្ម, ការលោតចុះខ្សែពួរពីទីខ្ពស់, ការសង្គ្រោះបឋមចំពោះអ្នករងរបួសក្នុងសមរភូមិជាក់ស្តែង, និងការហ្វឹកហ្វឺនរស់នៅក្នុងព្រៃជ្រៅ។ កងទ័ពថៃ បានបន្ថែមថា សមយុទ្ធ STRIKE 2026 មិនត្រឹមតែឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធរវាងថៃ និងចិន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងការត្រៀមខ្លួនប្រយុទ្ធ និងគាំទ្រដល់ស្ថិរភាពសន្តិសុខនៅក្នុងតំបន់ផងដែរ ស្របពេលស្ថានការណ៍ព្រំដែនជាមួយកម្ពុជា នៅតែបន្តក្ដៅគគុក។ ទន្ទឹមនឹងភាគីថៃ នៅតែបន្តកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជា[ជាច្រើនទីតាំង]ដោយខុសច្បាប់ ហើយថែមទាំងប្រកាសលុបចោល MoU 44 ជាឯកតោភាគី និងប៉ុនប៉ុនលុបចោល MoU 43 ជាមួយកម្ពុជាទៀតនោះ វាច្បាស់ណាថា ថៃកំពុងបង្ហាញមហិច្ឆតាវាទីទឹកដីលើប្រទេសកម្ពុជា យ៉ាងជាក់ច្បាស់បំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត