ស៊ុយអែតជ្រើសរើសថៃធ្វើជាមជ្ឈមណ្ឌលផលិតអាវុ.ធប្រចាំតំបន់ តើកម្ពុជាគួរត្រៀមខ្លួនបែបណា?
ហៀប ស៊ីថេត
7 ម៉ោងមុន

រាជធានីបាងកក៖ នៅក្រោមក្រសែភ្នែកអ្នកតាមដានស្ថានការណ៍យោធាក្នុងតំបន់ ជាពិសេស កម្ពុជា កំពុងផ្ដោតការចាប់អារម្មណ៍ខ្លាំងទៅលើល្បែងយុទ្ធសាស្ត្រយោធាថ្មីរវាងប្រទេសថៃ និងស៊ុយអ៊ែត។ ជាក់ស្តែង កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Gripen E/F តម្លៃជាង៥០០លានដុល្លារ ធ្វើឱ្យក្រុមហ៊ុនការពារជាតិស៊ុយអែត Saab បញ្ចេញផែនការបោះទុនវិនិយោគបន្ថែមនៅក្នុងប្រទេសថៃ ដោយមានមហិច្ឆតាចង់អភិវឌ្ឍប្រទេសឈ្លានពានលើកម្ពុជាមួយនេះ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងផលិតកម្មវិស័យការពារជាតិប្រចាំតំបន់។​ ការណ៍នេះ កើតឡើងក្រោយព្រះមហាក្សត្រថៃយាងទៅរដ្ឋធានីស្តុកខូលម៍ កាលពីពេលថ្មីៗ។ មានសំណួរជាច្រើនចោទសួរថា តើស៊ុយអ៊ែតកំពុងគាំទ្រមហិច្ឆតាឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជាឬយ៉ាងណា...?

លោក ហ្វ្រេដ្រីក លីនប្លូម (Fredrik Lindblom) អនុប្រធាន និងជាប្រធានគ្រប់គ្រងក្រុមហ៊ុន Saab ប្រចាំប្រទេសថៃ បានលើកឡើងថា ក្រុមហ៊ុនកំពុងស្វែងរកដៃគូឧស្សាហកម្មថៃ ដើម្បីរួមគ្នាផលិតគ្រឿងបង្គុំយន្តហោះចម្បាំង Gripen មួយចំនួននៅក្នុងស្រុក ក្រោមក្របខណ្ឌគោលនយោបាយរបស់ប្រទេសថៃ។ ថ្មីៗនេះ ប្រទេសថៃ បានអនុម័តដំណាក់កាលដំបូងនៃគម្រោងលទ្ធកម្មយោធា ដើម្បីទិញយន្តហោះចម្បាំង Saab JAS 39 Gripen E/F ចំនួន៤គ្រឿង ដែលមានតម្លៃប្រហែល១៩,៥ ពាន់លានបាត ឬស្មើប្រមាណជាង៥០០លានដុល្លារ។ លោក លីនប្លូម បានបញ្ជាក់បន្ថែមថា ផែនការរបស់ក្រុមហ៊ុន Saab គឺមានវិសាលភាពធំធេងណាស់ ព្រោះថា មិនមែនគ្រាន់តែជាការប្រគល់យន្តហោះចម្បាំងឱ្យប៉ុណ្ណោះទេ ប៉ុន្តែផ្តោតលើកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរយៈពេលវែង រួមទាំងការផលិតគ្រឿងបន្លាស់យន្តហោះចម្បាំង គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាការពារជាតិមួយចំនួននៅក្នុងស្រុក។

លោក ហ្វ្រេដ្រីក លីនប្លូម 
លោក ហ្វ្រេដ្រីក លីនប្លូម 

លោក លីនប្លូម បន្ថែមថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមិនទាន់មានផែនការបង្កើតខ្សែច្រវាក់ដំឡើងយន្តហោះចម្បាំងទាំងមូលនៅក្នុងប្រទេសថៃនោះទេ ប៉ុន្តែអនាគតមិនប្រាកដឡើយ។ ក្រុមហ៊ុននេះ ក៏មានផែនការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍មួយនៅក្នុងប្រទេសថៃផងដែរ ជាផ្នែកមួយនៃកម្មវិធីថ្មីរបស់យន្តហោះចម្បាំង Gripen ដើម្បីគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ដែលជាផ្នែកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ រួមទាំងការបណ្ដុះបណ្ដាលបច្ចេកទេសដល់បុគ្គលិកយោធា និងការគាំទ្រដល់គ្រឹះស្ថានសិក្សា ដើម្បីជួយរៀបចំកម្លាំងពលកម្មបច្ចេកវិទ្យាកម្រិចខ្ពស់សម្រាប់ប្រទេសថៃ នាថ្ងៃអនាគត។ នេះបើតាមសម្តីអនុប្រធានក្រុមហ៊ុន Saab របស់ស៊ុយអ៊ែត។

ក្រុមហ៊ុននេះ ក៏បានគូសបញ្ជាក់ផងដែរ អំពីផែនការគាំទ្រប្រព័ន្ធសង្គ្រាម ដែលផ្អែកលើបណ្តាញអ៊ីនធើណិត តាមរយៈការធ្វើសមាហរណកម្មការចែករំលែកទិន្នន័យភ្លាមៗរវាងប្រភេទទ័ពផ្សេងៗគ្នា។ ក្រុមហ៊ុននេះ ក៏បានចង្អុលបង្ហាញថា ប្រព័ន្ធតំណភ្ជាប់ទិន្នន័យយុទ្ធសាស្ត្រ Link TH ដែលបង្កើតឡើងដោយផ្ទាល់នៅក្នុងប្រទេសថៃ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ប្រតិបត្តិការការពារជាតិរួមគ្នានាពេលអនាគត។ ក្រៅពីយន្តហោះចម្បាំង ក្រុមហ៊ុន Saab ក៏មានចំណាប់អារម្មណ៍លើការអភិវឌ្ឍប្រព័ន្ធរ៉ាដា បច្ចេកវិទ្យាបញ្ជា និងត្រួតពិនិត្យ និងប្រព័ន្ធប្រឆាំងដ្រូននៅក្នុងប្រទេសថៃផងដែរ។

សូមជម្រាបថា ផែនការក្រុមហ៊ុន Saab របស់ស៊ុយអ៊ែត នៅក្នុងប្រទេសថៃ កើតឡើងក្រោយព្រះមហាក្សត្រ មហា វិជ្ជរាឡុងកន យាងទៅទស្សនកិច្ចផ្លូវការនៅប្រទេសស៊ុយអែត។ ប្រវត្តិសាស្ត្រ បានបង្រៀនកម្ពុជា[ជា]ច្រើនលើកច្រើនសារួចមកហើយ ចំពោះមហិច្ឆតាឈ្លានពានរបស់យោធាថៃ។ ការដែលថៃ-ស៊ុយអែត បង្ហាញផែនការរួមដៃគ្នាផលិតអាវុធទំនើបៗ និងបង្កើតមូលដ្ឋានបច្ចេកវិទ្យាយោធាទ្រង់ទ្រាយធំបែបនេះ គឺជាសញ្ញាអាសន្នមួយ ដែលមេដឹកនាំកម្ពុជាមិនអាចធ្វេសប្រហែសបានឡើយ។ ដូច្នេះ តើកម្ពុជាត្រូវត្រៀមខ្លួន និងត្រៀមលក្ខណៈទប់ទល់យ៉ាងដូចម្តេច ដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងបូរណភាពទឹកដីពីសំណាក់ពូជចោរឈ្លានពានតជំនាន់មួយនេះ?...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត