
រាជធានីភ្នំពេញ៖ គម្រោងវិនិយោគចំនួន៧ មានទុនវិនិយោគសរុបជាង៤០០លានដុល្លារ ត្រូវបានក្រុមអ្នកវិនិយោគដាក់សំណើសុំចុះបញ្ជីបោះទីតាំងនៅខេត្តចំនួន៣របស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍…។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៧គម្រោង ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។គម្រោងវិនិយោគទាំង៧ មានទុនវិនិយោគសរុបប្រមាណ៤៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៩០០កន្លែង។ គម្រោងវិនិយោគទាំងនេះ បានបោះទីតាំងនៅខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងពោធិ៍សាត់។

ក្នុងចំណោមគម្រោងវិនិយោគទាំង៧ មាន២គម្រោងដាក់មុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្ម រួមមាន៖ បង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព, សាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ ខណៈមួយគម្រោងទៀត ដាក់ទុនក្នុងវិស័យកសិ-ឧស្សាហកម្ម បង្កើតរោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់, ប្រេងសណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ)។ ដោយឡែក ៤គម្រោងទៀត អ្នកវិនិយោគដាក់ទុនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព៥០០មេហ្គាវ៉ាត់/១០០០មេហ្គាវ៉ាត់ម៉ោង (500 MW/1000 MWH) និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០មេហ្គាវ៉ាត់៕




