ភូមិគ្រឹះគ្មានច្បាប់រំលោភដីច្រាំងទន្លេ មានម្ចាស់ឈ្មោះ ឈុន លីម កំពុងផ្គើននឹងចំណាត់ការអាជ្ញាធររាជធានី
ហាក់ អ៊ីឌី
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ សំណង់ភូមិគ្រឹះគ្មានច្បាប់ដ៏ធំស្គឹមស្គៃ​មួយកន្លែង ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បាននិងកំពុងរំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេយ៉ាងធ្ងន់ធ្ងរ ខណៈកន្លងមក អាជ្ញាធររាជធានី ធ្លាប់បានចេញសេចក្តីណែនាំឱ្យរុះរើចេញដែរ តែម្ចាស់សំណង់មិនស្ដាប់ ថែមទាំងសម្រុកធ្វើបន្ថែមជាធម្មតា....។ 

តាមរយៈផេកផ្លូវការរបស់លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមិនដឹងថាលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះនៅទីតាំងខាងលើ បានទទួលការណែនាំពីរដ្ឋបាលខណ្ឌជ្រោយចង្វាហើយ ឬនៅនោះទេ? ក៏ប៉ុន្តែបច្ចុប្បន្នក្រុមការងារសំណង់រាជធានីភ្នំពេញពិនិត្យឃើញថា លោកមិនត្រឹមតែមិនព្រមរុះរើសំណង់ទេ តែថែមទាំងបានបន្តសកម្មភាពសាងសង់សំណង់នេះ បន្ថែមទៀតផង»។ ជាមួយគ្នានេះ លោក ឃ្លាំង ហួត ក៏បានសង្ងត់ធ្ងន់ថា សង្ឃឹមថា លោកនឹងគោរព និងអនុវត្តតាមខ្លឹមសារនៃសារលិខិតខាងលើ ហើយរុះរើសំណង់របស់លោកចេញជាបន្ទាន់ និងត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ និងច្បាប់ស្ដីពីការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ 
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ 

សូមជម្រាបផងដែរថា កាលពីកំលុងខែមករាកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្ដីណែនាំឱ្យម្ចាស់ទីតាំងដែលមានឈ្មោះថា ឈុន លីម ធ្វើការរុះរើសំណង់ ដែលបានសាងសង់រំលោភលើដីច្រាំងទន្លេ និងសំណង់ក្នុងផ្ទៃទន្លេ ឱ្យបានច្បាស់លាស់ ប៉ុន្តែម្ចាស់សំណង់នោះ ហាក់មិនញញើតនឹងចំណាត់ការរបស់អាជ្ញាធររាជធានី សូម្បីបន្តិចសោះឡើយ។ ជុំវិញបញ្ហាខាងលើនេះ មហាជន ជាពិសេស អ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងរង់ចាំមើលថា តើអំណាចច្បាប់របស់សាលារាជធានីភ្នំពេញ អាចចាត់ការបុគ្គលប្រព្រឹត្តិល្មើសច្បាប់នេះបានដែរឬទេ...? ឬមួយក៏បណ្តោយឱ្យបុគ្គលម្នាក់នេះ បំពានច្បាប់បានស្រេចតែចិត្តបន្តទៀត? ដ្បិតថា លិខិតរបស់សាលារាជធានីដែលបានជម្រាបទៅម្ចាស់ទីតាំង ក៏មានពេលយូរដែរហើយ ឬមួយក៏បុគ្គលម្នាក់នេះ មានខ្នងក្រាស់ ទើបអាជ្ញាធររាជធានី មិនហ៊ានអនុវត្តច្បាប់ដូចពលរដ្ឋទូទៅ?...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត