ហេតុផលធំៗចំនួន២ បង្កឱ្យស្បែក និងភ្នែកមានពណ៌លឿង
S
Sreyleak Yith
3 ម៉ោងមុន

សុខភាព៖ ជំងឺខាន់លឿង ឬការកើតលឿងលើស្បែក និងភ្នែក ជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក។ ការកើតបែបនេះដោយសារ ទី១.ការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម និងទី២.ការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម។ នេះបើយោងតាមការផ្សាយនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត...។

ជំងឺខាន់លឿង មានរោគសញ្ញាដូចជា៖ ការឡើងលឿងតាមស្បែក និងភ្នែក រមាស់លើស្បែក លាមកពណ៌ស ទឹកនោមលឿងចាស់ និងរោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជាក្ដៅខ្លួន ថ្លើមរីក  ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនីខាងស្តាំ និងស្ទាបប៉ះដុំពោះ។ ចំពោះមូលហេតុទី១.ជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម ដោយសារក្រិនថ្លើម មហារីកថ្លើម មហារីកលំពែង មហារីកផ្លូវទឹកប្រមាត់ គ្រួសក្នុងថង់ទឹកប្រមាត់ ការរលាកផ្លូវទឹកប្រមាត់រ៉ាំរ៉ៃ ការរលាកលំពែងរ៉ាំរ៉ៃ។ ទី២.ការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម ដោយសារការបែកគ្រាប់ឈាមក្រហម

ចំពោះការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យសាកសួរពីប្រវត្តិជំងឺរបស់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ ក៏ដូចជាការពិនិត្យ ទៅលើរោគសញ្ញារាងកាយដែលបានរៀបរាប់ដូចខាងលើ។ មួយវិញទៀត ត្រូវមើលឈាម ដូចជា៖ គ្រាប់ឈាមប៊ីលីរុយប៊ីន កំណកឈាម (TP, TCA) មុខងារថ្លើម មេរោគថ្លើម A, B, C និងពិនិត្យឈាមផ្សេងៗមួយចំនួនទៀត ទៅតាមរោគសញ្ញាដែលសង្ស័យ។ លើសពីនេះ អេកូពោះ និងអាចឈានទៅដល់ការធ្វើស៊ីធីស្កែន ឬ IRM និងការឆ្លុះរកគ្រួសទឹកប្រមាត់តាមផ្លូវលំពែង (CPRE)។ ចំណែក ការព្យាបាលមានលក្ខណៈខុសគ្នាទៅតាមមូលហេតុដែលបង្កជំងឺ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត