
សុខភាព៖ ក្រទ្បទែន អាចមានឥទ្ធិពលទៅលើក្រពេញទឹកមាត់ ជាពិសេសក្រពេញ Parotid ដែលនៅជិតត្រចៀក។ ចំពោះរោគសញ្ញ មានដូចជា បាត់បង់ចំណង់អាហារ ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ អស់កម្លាំង ហើម និងឈឺចាប់ក្នុងក្រពេញទឹកមាត់។ នេះបើយោងតាមការផ្សាយនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកស្អាង ខេត្តកណ្តាល។

ក្រឡទែន ឆ្លងតាមរយៈដំណក់ទឹកផ្លូវដង្ហើមពីការក្អក កណ្តាស់ ឬនិយាយ។ លើសពីនេះ អាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងទឹកមាត់ ឬវត្ថុដែលមានមេរោគ។ ផលវិបាកចំពោះ បុរសគឺរលាកពងស្វាស ចំណែកស្ត្រីរលាកអូវែរ និងរលាកជាលិកាសុដន់ ។ លើសពីនេះ បាត់បង់ការស្តាប់ រលាកខួរក្បាល រលាកស្រោមខួរ (រលាកភ្នាសដែលគ្របលើខួរក្បាល និងខួរឆ្អឹងខ្នង)។ ក្រឡទែន គ្មានការព្យាបាលជាក់លាក់ណាមួយទេ។ តែយ៉ាងណា អាចបន្ថយរោគសញ្ញាដោយគ្រាន់តែប្រើថ្នាំបំបាត់ការឈឺចាប់ ស្អំទឹកក ឬទឹកក្តៅឧណ្ហៗទៅលើក្រពេញដែលហើម។ ចំពោះវិធីការពារគឺ ចាក់វ៉ាក់សាំង MMR មានដូចជា ក្រឡទែន កញ្ជ្រឹល ស្អូច និងមានអនាម័យល្អ ដូចជា ការលាងដៃជាប្រចាំ និងជៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានមេរោគនេះ៕




