លើសពីស្ថាបត្យកម្មដ៏ល្អឯក ប្រាសាទមេបុណ្យខាងកើត តំណាងឱ្យ«សេចក្ដីស្រឡាញ់ កតញ្ញុតាធម៌ និងការដឹងគុណ»
S
Sreyleak Yith
2 ម៉ោងមុន

ក្រុងសៀមរាប៖ ប្រាសាទមេបុណ្យខាងកើត ស្ថិតនៅក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។ ប្រាសាទនេះ ជាអច្ឆរិយវត្ថុនៃស្ថាបត្យកម្ម ហើយក៏ជាវិមានតំណាង «សេចក្ដីស្រឡាញ់ កតញ្ញុតាធម៌ និងការដឹងគុណ» យ៉ាងជ្រាលជ្រៅរបស់កូនចៅខ្មែរជំនាន់ក្រោយ ចំពោះដូនតា...។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងឆ្នាំ៩៥២នៃគ្រិស្តសករាជ ព្រះបាទរាជេន្ទ្រវរ្ម័នទី១ បានឡើងគ្រងរាជ្យសម្បត្តិ និងបានដឹកនាំចក្រភពខ្មែរឆ្ពោះទៅរកភាពរុងរឿង។ ក្នុងនាមជាក្សត្រប្រកបដោយធម៌ ព្រះអង្គមិនដែលបំភ្លេចនូវគុណូបការៈរបស់បុព្វការីជនឡើយ។ ព្រះអង្គបានត្រាស់បង្គាប់ឱ្យកសាងប្រាសាទមេបុណ្យខាងកើតឡើង ដោយបែរមុខទៅទិសខាងកើត ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ រចនាសម្ព័ន្ធរបស់ប្រាសាទមេបុណ្យខាងកើត ជាច្រើនកន្លែងបានរងនូវការខូចខាតដោយសារតែអាយុកាល និងកត្តាធម្មជាតិ តែយ៉ាងណានៅតែឈរយ៉ាងរឹងមាំប្រឈមមុខនឹងកម្តៅថ្ងៃ និងខ្យល់ភ្លៀង។ អាជ្ញាធរជាតិអប្សរា កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារអភិរក្ស និងថែរក្សាជាប្រចាំ។

អាជ្ញាធរជាតិអប្សរាឱ្យដឹងបន្ថែមថា ក្រុមអ្នកជំនាញបាននិងកំពុងធ្វើការងារយ៉ាងផ្ចិតផ្ចង់ដូចជា ជួសជុលទល់ទ្រលើចំណុចហានិភ័យនៃប្រាសាទ ដោយការសម្អាតកំណកដីតាមថ្នេរថ្ម ការកាត់សម្អាតរុក្ខជាតិដែលអាចបំផ្លាញដល់ឥដ្ឋ និងថ្មប្រាសាទ ក៏ដូចជា បង្ការការជ្រាបទឹកចូលទៅក្នុងរចនាសម្ព័ន្ធរបស់ឥដ្ឋប្រាសាទ។ បច្ចុប្បន្ន ប្រាសាទមេបុណ្យខាងកើត បានក្លាយជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ ដ៏ទាក់ទាញនៅក្នុងវង់ធំនៃរមណីយដ្ឋានអង្គរ។ ភ្ញៀវទេសចរមកពីគ្រប់ទិសទីមិនត្រឹមតែចូលចិត្តមកទីនេះ ដើម្បីទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត និងរ៉ូមែនទិកប៉ុណ្ណោះទេ តែមកស្វែងយល់ពីវិស្វកម្ម និងទឹកដៃដ៏ឯករបស់ដូនតាខ្មែរជំនាន់មុន៕



អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត