
រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក ស៊ី ចុងជុន (Shi Zhongjun) អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន បានជួបពិភាក្សាគ្នា ជុំវិញវិស័យទេសចរណ៍ប្រទេសទាំងពីរ និងបានបញ្ជាក់អះអាងពីឆន្ទៈសហការរួមគ្នា ជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើន...។

ក្នុងជំនួបនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ លោក ហួត ហាក់ និងលោក ស៊ី ចុងជុន បានបង្ហាញទស្សនៈរួមគ្នាថា ទេសចរណ៍ ជាវិស័យគន្លឹះដែលជួយសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា-ចិនគ្រប់រដូវកាល ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ ភាគីទាំងពីរ បានឯកភាពសហការឱ្យបានជាក់ស្តែង និងស៊ីជម្រៅបន្ថែមទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន ការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ទៅវិញទៅមកឱ្យកាន់តែច្រើនឡើង និងសកម្មក្នុងឆ្នាំ២០២៦ និងស្របតាមកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ស្ថានទូតចិនប្រចាំកម្ពុជា វិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ។

កាលពីខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ពោលគឺកំលុងពេលនៃរដូវកាលបៃតងនៅកម្ពុជា ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិន អាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។ នេះជាវិធានការ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកដើរលេងកម្សាន្តនៅកម្ពុជា កាន់តែច្រើន៕




